(ឡូស អាន់ជែលឡែស)៖ ឧទ្ធម្ភាគចក្រប្រយុទ្ធ ២គ្រឿងរបស់សហរដ្ឋអាមេរិក បានធ្លាក់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កំឡុងការហ្វឹកហ្វឺនហោះហើរមួយ នៅក្នុងរដ្ឋអាឡាស្កា​ (Alaska) ដែលនេះជាឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រជាលើកទី២ ក្នុងរយៈពេលមិនដល់មួយខែស្រួលបួលផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

បើតាមកងអង្គភាពទ័ពអាកាសទី១១ របស់កងទ័ពអាមេរិក ឧទ្ធម្ភាគចក្រទាំង ២រគ្រឿងខាងលើជាប្រភេទឧទ្វម្ភាគចក្រប្រយុទ្ធ AH-64 Apache ហើយក្នុងមួយគ្រឿង មានមនុស្ស ២នាក់ជិះនៅលើនោះ។ ឧទ្វម្ភាគចក្រប្រយុទ្ធទាំង២គ្រឿងនេះបានធ្លាក់នៅក្បែរទីក្រុង Healy រដ្ឋ Alaska ក្នុងពេលត្រឡប់មកពីបំពេញបេសកកម្មហ្វឹកហ្វឺន ហោះហើរ។ កងអង្គភាពទ័ពអាកាសទី១១ បានបញ្ជាក់ទៀតថាក្រុមអ្នកជួយសង្រ្គោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ខណៈឧប្បត្តិហេតុធ្លាក់នេះកំពុងស្ថិតនៅក្រោម ការស៊ើបអង្កេត ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវចេញផ្សាយនៅពេលក្រោយ។

គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ ឧទ្ធម្ភាគចក្រប្រយុទ្ធអាមេរិកប្រភេទ Blackhawk ចំនួន២គ្រឿង ក៏បានធ្លាក់ផងដែរ កំលុងការហ្វឹកហ្វឺនហោះហើរក្នុងរដ្ឋ Kentucky ដោយបណ្ដាលឱ្យទាហានជិះនៅលើនោះទាំងអស់៩នាក់បានស្លាប់៕