(ប៉េកាំង)៖ ចិន នៅថ្ងៃសុក្រនេះបានបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះកូរ៉េខាងត្បូងជុំវិញសេចក្ដីថ្លែងការណ៍រួមជាមួយសហរដ្ឋអាមេរិក ស្ដីពីតម្រូវការចាំបាច់នៃសន្តិភាព និងស្ថិរភាព ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល ក្រសួងការបរទេសចិនបានឱ្យដឹងថា អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ីរបស់ចិន លោក លុយ ជីនសុង (Liu Jinsong) បានជួប ជាមួយតំណាងពិសេសកូរ៉េខាងត្បូងប្រចាំប្រទេសចិន លោក កាង សាងវ៉ុក (Kang Sang-wook) កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ដើម្បីគូសបញ្ជាក់ពីគោលជំហរ របស់ចិនលើបញ្ហាតៃវ៉ាន់ និងបានជំរុញឱ្យកូរ៉េខាងត្បូងប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ចិនតែមួយ។​

គួរបញ្ជាក់ថា ប្រតិកម្មរបស់ចិន កើតមានឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចេញផ្សាយសេចក្ដីថ្លែងការណ៍រួមមួយ ដោយនិយាយថាប្រទេសទាំង២ ប្រឆាំង នឹងការប៉ុនប៉ងកែប្រែស្ថានភាពដើមដោយឯកតោភាគីក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមមានទាំងការទាមទារផ្ទុយនឹងច្បាប់ ការធ្វើយោធូបនីយកម្ម និងការសម្លុតគំរាម។ សេចក្ដីថ្លែងការណ៍រួមនេះ ត្រូវបានធ្វើឡើងកំលុងដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅសហរដ្ឋអាមេរិក ជាទីដែល លោកបានពិភាក្សាជាមួយលោក បៃដិន ពីប្រធានបទសំខាន់ៗជាច្រើនរួមទាំងភាពតានតឹងរវាងចិន និងតៃវ៉ាន់ ក៏ដូចជាសកម្មភាពយោធា របស់ចិនក្នុងតំបន់សមុទ្រចិនខាងត្បូង៕