(មែនឆែសស្ទឺ)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្ដេជ្ញាចិត្តថានឹងផ្ដួលប្រធានាធិបតីអាមេរិកសព្វថ្ងៃ លោក ចូ បៃដិន ឱ្យបាននៅក្នុងបោះឆ្នោត ប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ ជាមួយការព្រមានថាសហរដ្ឋអាមេរិកអាចនឹងធ្លាក់ចូលក្នុងភាពចលាចល ប្រសិនបើលោក បៃដិន កាន់តំណែងជាប្រធានាធិបតី មួយអាណត្តិទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

ការព្រមានខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងកំលុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅឯសណ្ឋាគារមួយក្នុងទីក្រុង Manchester រដ្ឋ New Hampshire កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។ នៅចំពោះមុខអ្នកគាំទ្រជាង ១,៥០០នាក់ អតីតប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ ដូច្នេះថា «ជម្រើសនៅក្នុងការបោះឆ្នោត គឺជាជម្រើសរវាងអ្នកខ្លាំង និងអ្នកទន់ខ្សោយ ជោគជ័យ និងបរាជ័យ សុវត្ថិភាព និងចលាចល សន្តិភាព និងជម្លោះ ព្រមទាំង ភាពរុងរឿង និងមហន្តរាយ»

លោក ត្រាំ បន្ថែមថា «យើងកំពុងរស់នៅក្នុងគ្រោះមហន្តរាយមួយ ហើយតាមរយៈការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា នៅថ្ងទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ យើងនឹងផ្ដួល ចូ បៃដិន និងសេតវិមាន...ហើយយើងនឹងសម្រេចឱ្យបាននូវការងារដែលយើងមិនទាន់បានបញ្ចប់»

គួរបញ្ជាក់ថា លោក ចូ បៃដិន បានប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះថាលោកនឹងចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៤ ហើយ លោកក៏បានប្ដេជ្ញាដែរថានឹងយកឈ្នះលោក ដូណាល់ ត្រាំ ភ្ជាប់ជាមួយការព្រមានថាលោក ត្រាំ គឺជាការគំរាមកំហែងដល់ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ ការសម្រេចចិត្តរបស់អ្នកទាំង២ ត្រូវបានអ្នកវិភាគខ្លះយល់ថាលោក បៃដិន មានអាយុ៨០ឆ្នាំ និងលោក ត្រាំ អាយុ ៧៦ឆ្នាំ អាចនឹងត្រូវប្រកួតប្រជែងគ្នាជាថ្មីដើម្បីយក តំណែងជាប្រធានាធិបតី៕