(សេអ៊ូល)៖ ប្រសិនបើកូរ៉េខាងជើង ប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងសហរដ្ឋអាមេរិក ឬក៏សម្ព័ន្ធមិត្តរបស់ខ្លួនគឺកូរ៉េខាងត្បូង នោះវានឹងក្លាយជា «ថ្ងៃអវសាន» នៃរបបដឹកនាំ លោក គីម ជុងអ៊ុន។ នេះជាការប្រកាសរួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នៅថ្ងៃពុធ ទី២៦ ខែមេសានេះ។ ដំណាលគ្នានឹងការព្រមានធ្ងន់ៗនេះ សហរដ្ឋអាមេរិកក៏ បានប្រកាសដែរពីគម្រោងបញ្ជូននាវាមុជទឹកបំពាក់មីស៉ីលនុយក្លេអ៊ែរ (SSBN) ទៅធ្វើទស្សនកិច្ចនៅឯកូរ៉េខាងត្បូង ជាលើកដំបូងបំផុតគិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បី ជួយបង្ហាញពីការប្តេជ្ញារបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការការពារប្រទេសអាស៉ីបូព៌ាមួយនេះពីការវាយប្រហាររបស់កូរ៉េខាងជើង។ តែវាមិនមែនជាការឈរជើងអចិន្ត្រៃយ៍ ឬក៏មាន ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរអាមេរិកនៅណាមួយលើទឹកដីកូរ៉េខាងត្បូងឡើងវិញឡើយ។
សហរដ្ឋអាមេរិកបានសន្យាថានឹងដាក់ពង្រាយអាវុធយុទ្ធសាស្រ្តដ៏មានអានុភាពរបស់ខ្លួន ដូចជានាវាផ្ទុកយន្តហោះចម្បាំង នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយ ឱ្យបានញឹកញាប់ជាងមុនមកកាន់កូរ៉េខាងត្បូង ដើម្បីកំញើញកូរ៉េខាងជើង ដែលបានអភិវឌ្ឍមីស៉ីលកាន់មានសមត្ថភាពខ្ពស់ឡើងៗ ដែលអាចបាញ់លើគោលដៅ ចាប់តាំងពី នៅកូរ៉េខាងត្បូង រហូតដល់សហរដ្ឋអាមេរិក។ ក្រៅពីជាសារព្រមានដល់កូរ៉េខាងជើង ដំណើរទស្សនកិច្ចនៃនាវា SSBN អាមេរិក ក៏ត្រូវមើលឃើញថា ជាមធ្យោបាយដើម្បី ពង្រឹងទំនុកចិត្តរបស់កូរ៉េខាងត្បូង ហើយបន្សាបគំនិតរបស់ទីក្រុងសេអ៊ូល ស្តីពីការចង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។
* តើមានអាវុធអ្វីខ្លះបំពាក់លើនាវាមុជទឹក SSBN?
កងទ័ពជើងទឹកអាមេរិក កំពុងធ្វើប្រតិបត្តិការនាវា SSBN ចំនួន១៤គ្រឿង ដែលមួយគ្រឿងៗ អាចផ្ទុកមីស៉ីល Trident II D5 ចំនួន២០គ្រាប់ ហើយមីស៉ីលនីមួយៗអាចបញ្ជូន ក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់៤គ្រាប់ ទៅកាន់គោលដៅស្ថិតនៅចម្ងាយអតិបរមា ១២,០០០គីឡូម៉ែត្រ។ ពួកនាវា SSBN របស់អាមេរិក ធ្លាប់ធ្វើការបំពេញទស្សនកិច្ច ជាទៀងទាត់ទៅកាន់កូរ៉េខាងត្បូង កំលុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែបានបញ្ឈប់ទៅវិញនៅឆ្នាំ១៩៨១។ មីស៊ីល Trident II D5 ក្នុងមួយគ្រាប់អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ៤គ្រាប់ ដែលនេះមានន័យថានាវាមុជទឹកនុយក្លេអ៊ែរ SSBN ប្រដាប់ដោយមីស៊ីលបាលិស្ទីគមួយគ្រឿងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ៨០គ្រាប់ ឬអាចនិយាយបានថានាវា SSBN ត្រឹមតែមួយគ្រឿង ល្មមអាចកម្ទេចកូរ៉េខាងជើងទាំងមូល។
អ្នកជំនាញដូចជាលោក Blake Herzinger ជាអ្នកជំនាញខាងគោលនយោបាយយោធាក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៃវិទ្យាស្ថាន American Enterprise Institute បាននិយាយថា តាមរយៈចម្ងាយ១២,០០០គីឡូម៉ែត្រនេះ SSBN មិនចាំចាច់ត្រូវស្ថិតនៅក្បែរឧបទ្វីបកូរ៉េ ដើម្បីអាចបាញ់ទៅដល់គោលដៅ នោះឡើយ។
* ហេតុអ្វីត្រូវបញ្ជូននាវាមុជទឹកនុយក្លែអ៊ែរ ទៅកូរ៉េខាងត្បូង?
ការបញ្ជូននាវាមុជទឹកនុយក្លែអ៊ែរទៅកាន់ប្រទេសរ៉េខាងត្បូង ត្រូវបានគេមើលឃើញថាដើម្បីជួយបង្ហាញពីការប្តេជ្ញារបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការការពារប្រទេសអាស៉ីបូព៌ាមួយនេះ ពីការវាយប្រហាររបស់កូរ៉េខាងជើង។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគយល់ថាវត្តមាននាវាមុជទឹកនុយក្លេអ៊ែរ នៅឯកំពង់ផែកូរ៉េខាងត្បូង គ្រាន់តែជានិមិត្តរូបមួយសុទ្ធសាធ ហើយនឹងមានតែ កាត់បន្ថយគុណតម្លៃយោធានៃនាវាមុជទឹកនេះតែប៉ុណ្ណោះ។ លោក Carl Schuster ជាអតីតកាពីទែនកងនាវាអាមេរិក និងអតីតនាយកប្រតិបត្តិការនៃមជ្ឈមណ្ឌលស៊ើបការណ៍ សម្ងាត់រួមនៃទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក មានមូលដ្ឋាននៅរដ្ឋហាវៃ បានគូសបញ្ជាក់ដូច្នេះថា «ជាលក្ខណៈយុទ្ធសាស្ត្រ (សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងកាត់បន្ថយអំណាច និងភាពអាថ៌កំបាំងនៃនាវាមុជទឹក»។ លោកបន្តថា គន្លឹះដ៏សំខាន់មួយនៅក្នុងចំណោមគន្លឹះសំខាន់ៗនៃការកំញើញសត្រូវដោយអាវុធនុយក្លេអ៊ែរ នោះគឺ «ភាពមិនច្បាស់លាស់»។ ពោលគឺការកំញើញនុយក្លេអ៊ែរមានន័យថាទោះជាសត្រូវបានដឹងពីវត្តមានអាវុធ និងវិសាលភាពនៃអាវុធនុយក្លេអ៊ែរ ក៏គេមិនអាចឱ្យសត្រូវដឹងពីទីតាំង ឬសមត្ថភាព ឬក៏ពេលវេលានៃការដាក់ពង្រាយនោះដែរ។
ជាការពិតណាស់ នាវាមុជទឹកនុយក្លេអ៊ែរអាមេរិកមានសមត្ថភាពមុជនៅក្រោមបាតសមុទ្រក្នុងជម្រៅរាប់ពាន់គីឡូម៉ែត្រ ហើយកូរ៉េខាងជើងក៏ទំនងជានឹងមិនអាចចាប់សញ្ញា បានដែរ។ ប៉ុន្តែបើតាមលោក Carl Schuster កូរ៉េខាងត្បូងត្រូវរៀបចំឱ្យបានមុនពី ២៤ ទៅដល់៤៨ម៉ោង មុននឹងនាវាមុជទឹកនុយក្លេអ៊ែរអាមេរិកចូលចតនៅឯកំពង់ផែរបស់ខ្លួន នោះគេនឹងអាចឃើញនាវាមុជទឹកនេះកាន់តែច្បាស់ ដែលនេះឯងនឹងផ្ដល់អត្ថាប្រយោជន៍ដល់កូរ៉េខាងជើង។ «ប្រសិនបើលោក គីម ជុងអ៊ុន ពិតជាកំពុងសម្លឹងមើល ឱកាសវាយប្រហារណាមួយ នោះយើងគឺជាអ្នកផ្ដល់ឱ្យគាត់នូវទីតាំង និងពេលវេលាដែលនាវាមុជទឹកត្រូវទៅដល់ទីនោះ (កូរ៉េខាងត្បូង)។ នេះជាការពន្យល់របស់លោក Carl Schuster។
* តើកូរ៉េខាងជើង នឹងធ្វើបែបណា?
ក្រុមអ្នកជំនាញមើលឃើញថា ការកើនឡើងនៃកិច្ចសហប្រតិបត្តិការកាន់ជិតសិ្នទ្ធរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងកាន់តែបង្កឱ្យលោក គីម ជុងអ៊ុនមានកង្វល់រឹតតែធំ ហើយកង្វល់នេះនឹងជំរុញឱ្យរូបលោកកាន់តែបង្កើនការធ្វើតេស្ដមីស៊ីល។ «ជាសាធារណៈ កូរ៉េខាងជើងនឹងបង្ហាញឱ្យគេឯងដឹងថាខ្លួនមិនញញើតនឹងការគំរាមរបស់អាមេរិកឡើយ តែនៅពីក្រោយឆាក ពួកគេដឹងច្បាស់នៅក្នុងចិត្តថាប្រសិនបើហ៊ានប្រើអាវុធនុយក្លេអ៊ែរ នោះវាអាចនឹងក្លាយជាថ្ងៃអវសាននៃរបបដឹកនាំលោក គីម»។ នេះជាការបញ្ជាក់របស់លោក Chun In-bum ដែលជាឧត្តមសេនីយ៍កូរ៉េខាងត្បូងចូលនិវត្តន៍ម្នាក់។ ដោយឡែក លោក Yang Moo-jin នាយកសកលវិទ្យាល័យ University of North Korean Studies ក្នុងទីក្រុងសេអ៊ូល យល់ថាកូរ៉េខាងជើងនឹងមិនបោះបង់ចោលការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយសារគ្រាន់តែពាក្យសម្លុតគំរាមប៉ុន្មានម៉ាត់នេះនោះទេ។
* ចុះបើដូច្នេះ, តើវាគ្រាន់តែជានិមិត្តរូប ឬ?
សហរដ្ឋអាមេរិក ចង់ធ្វើការធានាដល់កូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តមួយដ៏សំខាន់របស់ខ្លួនថាកុំភ័យអី យើងនឹងនៅពីក្រោយខ្នងចាំជួយអ្នកជានិច្ច។ លោក គីម ជុងអ៊ុន បាន និងកំពុងបង្កើនការអភិវឌ្ឍអាវុធ ក៏ដូចជាពង្រឹងសមត្ថភាពកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង តាមរយៈការធ្វើតេស្ដមីស៊ីលដោយបំបែកកំណត់ត្រាមួយមិនធ្លាប់មានកាលពី ឆ្នាំ២០២២។ មិនតែប៉ុណ្ណោះ នៅក្នុងសុន្ទរកថាថ្ងៃចូលឆ្នាំសកល២០២៣ មេដឹកនាំកូរ៉េខាងជើងរូបនេះបានអំពាវនាវឱ្យយោធារបស់លោកពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងអ្វីដែលលោកអះអាងថាជាការគំរាមកំហែងពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ការរីកចម្រើនទៅមុខនៃកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង បានជំរុញឱ្យអ្នកនយោបាយ និងប្រជាជនកូរ៉េខាងត្បូងកាន់តែច្រើនឡើងនំាគ្នាឱ្យអំពាវនាវឱ្យទីក្រុងសេអ៊ូល ក្លាយជា រដ្ឋអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ សហរដ្ឋអាមេរិកមិនចង់ឱ្យកូរ៉េខាងត្បូងផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរដោយខ្លួនឯងនោះទេ ដ្បិតទីក្រុងវ៉ាស៊ីនតោនបារពីការរីកសាយភាយ អាវុធនុយក្លេអ៊ែរ ដោយខ្លាចក្រែងថាសម្ព័ន្ធមិត្តរបស់ខ្លួនដទៃដូចជាជប៉ុន តៃវ៉ាន់ ឬនៅមជ្ឈិមបូព៌ាដូចជាអារ៉ាប៊ីសាអូឌីតចង់បានអាវុធនុយក្លេអ៊ែរដែរ។
ដូច្នេះហើយ ទើបរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រឹងប្រែងបញ្ចុះបញ្ចូល និងធ្វើការធានាទៅកាន់សម្ព័ន្ធមិត្ត ដោយបង្កើនវត្តមានយោធាសម្ញែងសាច់ដុំ តួយ៉ាងដូចជាក្នុងតំបន់ឧបទ្វីបកូរ៉េ ជាមួយការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B52 និងនាវាផ្ទុកយន្ដហោះចម្បាំងឱ្យចូលរួមក្នុងការធ្វើសមយុទ្ធយោធាជាមួយ កូរ៉េខាងត្បូង។ លោក Kim Jung-sup ជាអ្នកសា្រវជ្រាវជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាពីវិស័យការពារជាតិនៃវិទ្យាស្ថាន Sejong Institute មានមូលដ្ឋាន ក្នុងទីក្រុងសេអ៊ូល បានកត់សម្គាល់ថានាវាមុជទឹកនុយក្លេអ៊ែរនឹងបង្កើនទំនុកចិត្តរបស់កូរ៉េខាងត្បូងលើសហរដ្ឋអាមេរិក។ លោកបន្ថែមថា «ជាការពិតណាស់ នាវាមុជទឹកនុយក្លេអ៊ែរជាប្រភេទអាវុធ ផ្សេងគ្នា ប៉ុន្តែខ្ញុំមិនគិតទេថាមានភាពខុសគ្នាខ្លាំង ដ្បិតនាវាមុជទឹកនុយក្លេអ៊ែរក៏ជាអាវុធយុទ្ធសាស្ត្រដែលមានមូលដ្ឋានជារួមបញ្ជូនសារមួយគំរាមសងសឹកដោយប្រើ អាវុធនុយក្លេអ៊ែរប្រឆាំងកូរ៉េខាងជើង បើមានការវាយប្រហារណាមួយពីសំណាក់ទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា នៅក្នុងជំនួបនៅឯសេតវិមាន កាលពីថ្ងៃពុធ ទី២៦ ខែមេសា លោក ចូ បៃដិន និងលោក យូន ក៏បានបង្កើតផងដែរនូវក្រុមការងារប្រឹក្សាយោបល់នុយក្លេអ៊ែរ «Nuclear Consultative Group» ដែលនឹងអនុញ្ញាតឱ្យកូរ៉េខាងត្បូងតែមានសំឡេង និងយោបល់ច្រើនជាងមុន ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បើទោះជាទីក្រុងវ៉ាស៊ីនតោននៅតែបន្តគ្រប់គ្រងលើការកំណត់គោលដៅ និងការធ្វើប្រតិបត្តិការជាក់ស្ដែងក៏ដោយ៕