(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិហ្វីលីពីនជាង ៤០០នាក់ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់ ខណៈដែលក្រុមទីមួយបានឆ្លងចូលទៅក្នុងប្រទេសអេហ្ស៊ីប ចំពេលមានបទឈប់បាញ់គ្នារវាងបក្សពួកស៊ូដង់ដែលកំពុងមានជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍​ ទី២៧ ខែមេសា ឆ្នាំ២០២៣។

ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធាកាលពីថ្ងៃទី១៥ ខែមេសា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥៩នាក់ និងរបួសជាង ៤,០០០នាក់ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយរបស់អង្គការសុខភាពពិភពលោក។

ប្រទេសបរទេសបានចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ពួកគេ នៅពេលដែលកងទ័ព និងកងកម្លាំងគាំទ្ររហ័សបានប្រកាសបទឈប់បាញ់កាលពីថ្ងៃចន្ទ។ កិច្ចខិតខំប្រឹងប្រែងជម្លៀសមានភាពស្មុគស្មាញ ដោយសារអាកាសយានដ្ឋានធំៗបានក្លាយជាសមរភូមិ ហើយត្រូវបានប្រញាប់ប្រញាល់ ដោយសារតែបទឈប់បាញ់នឹងផុតកំណត់នៅថ្ងៃសុក្រ។

ក្រសួងការបរទេសហ្វីលីពីនបាននិយាយថា ជនជាតិហ្វីលីពីនក្រុមទីមួយបានចាកចេញពីរដ្ឋធានីខាទូម ប្រទេសស៊ូដង់កាលពីថ្ងៃចន្ទ ដោយក្នុងនោះ​៥១នាក់ក្នុងចំណោមពួកគេ បានទៅដល់ប្រទេសអេហ្ស៊ីបនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការធ្វើដំណើរតាមរថយន្តក្រុងដ៏យូរ។

ជនជាតិហ្វីលីពីនមួយក្រុមទៀតបានចាកចេញពីទីក្រុងខាទូម កាលពីថ្ងៃពុធ។ តួលេខបឋមបានធ្វើឱ្យចំនួនអ្នកជម្លៀសហ្វីលីពីនសរុបចំនួន ៤០៩នាក់ ប៉ុន្តែមានច្រើនទៀតត្រូវបានកត់ត្រាចាប់តាំងពីពេលនោះមក។

លោក Eduardo de Vega អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការពលករចំណាកស្រុកបានប្រាប់សារព័ត៌មានថា «ចំនួនគឺជិតដល់ ៤៥០នាក់... ឥឡូវនេពួកគេបានទៅដល់ព្រំដែនហើយ»។

គួរបញ្ជាក់ថា ចំនួនប្រជាជនហ្វីលីពីនដែលកំពុងស្វែងរកការជម្លៀសបន្តកើនឡើង ខណៈពួកគេជាច្រើនដែលរស់នៅក្នុងប្រទេសស៊ូដង់មិនមានឯកសារ៕