(តេហេរ៉ង់)៖ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលដោតទង់ជាតិនៃកោះ Marshall ខណៈពេលកំពុងឆ្លងកាត់ដែនទឹកអន្តរជាតិនៅឈូងសមុទ្រអូម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍​ ទី២៧ ខែមេសា​ ឆ្នាំ២០២៣។

បញ្ជាការដ្ឋានកងទ័ពជើងទឹកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ដឹកប្រេងបានចេញការអំពាវនាវស្វែងរកជំនួយ ហើយថា កងនាវាចរទីប្រាំរបស់កងទ័ពជើងទឹកអាមេរិក ដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ាកំពុងតាមដានស្ថានភាព។

របាយការណ៍ដដែលបានបន្ថែមថា សកម្មភាពរបស់អ៊ីរ៉ង់ «ផ្ទុយនឹងច្បាប់អន្តរជាតិ និងរំខានដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់» និងបានអំពាវនាវឱ្យអ៊ីរ៉ង់ ដោះលែងកប៉ាល់នោះវិញជាបន្ទាន់។

វ៉ាស៊ីនតោនបាននិយាយថា «ការបន្តយាយីរបស់អ៊ីរ៉ង់លើនាវា និងការជ្រៀតជ្រែកជាមួយសិទ្ធិធ្វើនាវាចរណ៍នៅក្នុងដែនទឹកក្នុងតំបន់ បង្កការគំរាមកំហែងដល់សន្តិសុខដែនសមុទ្រ និងសេដ្ឋកិច្ចពិភពលោក»

ទោះជាយ៉ាងណា មិនមានការអត្ថាធិប្បាយភ្លាមៗពីកងទ័ពជើងទឹកអ៊ីរ៉ង់ទេ៕