(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ចិនបាននិយាយថា តៃវ៉ាន់កំពុងតែអញ្ជើញចចកមកចូលក្នុងផ្ទះរបស់ខ្លួន តាមរយៈការរៀបចំវេទិកា​ឧស្សាហកម្មការពារជាតិអាមេរិកមួយ នៅសប្តាហ៍ក្រោយនេះ ហើយបានចោទថា វិស័យឧស្សាហកម្មយោធាអាមេរិក មានគោលដៅ​នាំចេញសង្រ្គាម ដើម្បីតែផលចំណេញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-តៃវ៉ាន់ រួមជាមួយក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មក្រៅស្រុកតៃវ៉ាន់ នឹងរៀបចំវេទិកាឧស្សាហកម្មការពារជាតិតៃវ៉ាន់-អាមេរិក នៅទីក្រុងតៃប៉ិ នាថ្ងៃពុធសប្តាហ៍នេះ ដែលនឹងប្រមូលផ្តុំក្រុមហ៊ុនរបស់តៃវ៉ាន់និងអាមេរិក ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ។ សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់សព្វាវុធធំបំផុតរបស់តៃវ៉ាន់ ទោះមិនមានទំនាក់ទំនងផ្លូវការជាមួយគ្នាក៏ដោយ ហើយប្រធានបទពាក់ព័ន្ធដែនកោះ​នេះ ជារឿយៗគឺជាប្រភពនៃភាពតានតឹង រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក តាន់ កឺហ្វៃ (Tan Kefei) បាននិយាយថា ចិនមានក្តីព្រួយបារម្ភជាខ្លាំងក្រោយដឹងអំពីវេទិកាខាងលើ ខណៈក្រុមហ៊ុនឧស្សាហកម្មយោធាទាំងនេះរបស់សហរដ្ឋអាមេរិក តែងតែខ្នះខ្នែងណាស់ក្នុងការលក់សព្វាវុធទៅគ្រប់ទិសទីជុំវិញពិភពលោក ហើយព្យាយាមនាំចេញសង្រ្គាម ដើម្បីរង់ចាំទទួលផលចំណេញ។ លោក តាន់ បានបន្ថែមដូច្នេះថា «សកម្មភាពរបស់អាជ្ញាធរនៃគណបក្ស កំពុងកាន់អំណាចនៅតៃវ៉ាន់ ដែលប្រៀបដូចជាការនាំចចកចូលក្នុងផ្ទះបែបនេះ គឺជារឿងមិនអាចទទួលយកបាន ហើយវានឹងនាំមហន្តរាយ​ដ៏សែនជ្រៅ មកឱ្យប្រជាជនតៃវ៉ាន់តែប៉ុណ្ណោះ»

គួរបញ្ជាក់ថា ដោយចាត់ទុកតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ប្រទេសចិន ទីក្រុងប៉េកាំងបានបង្កើនសកម្មភាពយោធារបស់ខ្លួនជាខ្លាំង នៅជុំវិញ​ដែនកោះនេះ រួមមានទាំងការធ្វើសមយុទ្ធទ្រង់ទ្រាយធំក្នុងខែមេសានេះផងដែរ ដើម្បីព្យាយាមបង្ខំឱ្យទីក្រុងតៃប៉ិ យល់ព្រមទទួលយកអធិបតេយ្យរបស់ចិន៕