(កៀវ)៖ ប្រមុខអង្គការណាតូ (NATO) លោក ជេនស៍ ស្តូលធិនបឺគ (Jens Stoltenberg) បាននិយាយនៅព្រហស្បតិ៍នេះថា សម្ព័ន្ធមិត្ត និងដៃគូរបស់ណាតូបានផ្តល់ឲ្យអ៊ុយក្រែននូវរថពាសដែកចំនួន ១,៥៥០គ្រឿង ក៏ដូចជារថក្រោះចំនួន ២៣០គ្រឿង ដើម្បីបង្កើតជាអង្គភាពការពារ និងជួយអ៊ុយក្រែនឲ្យមានសមត្ថភាពដណ្តើមយកទឹកដីពីកងកម្លាំងរុស្ស៊ីមកវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។

លោក ស្តូលធិនបឺគ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការផ្តល់ជំនួយនេះគិតចាប់តាំងពីសង្គ្រាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២ តំណាងឲ្យ «ជាង ៩៨ភាគរយនៃយានប្រយុទ្ធដែលបានសន្យាផ្តល់ដល់អ៊ុយក្រែន»។ លោក ស្តូលធិនបឺគ បានគូសបញ្ជាក់ថា «សរុបមក យើងបានហ្វឹកហាត់ និងបំពាក់កងពលតូចរថពាសដែកថ្មីចំនួន ៩របស់អ៊ុយក្រែន។ ប្រការនេះនឹងធ្វើឲ្យអ៊ុយក្រែនស្ថិតក្នុងជំហររឹងមាំ ដើម្បីបន្តដណ្តើមយកទឹកដីដែលរុស្ស៉ីបានកាន់កាប់មកវិញ»

គួរបញ្ជាក់ថា អ៊ុយក្រែន បាននឹងកំពុងបង្កើនការវាយលុកនៅរដូវផ្ការីក ក្រោមការរំពឹងទុកខ្ពស់នៃឃ្លាំងអាវុធរថក្រោះ និងសព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់ដែលផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិច រួមជាមួយកងពលតូចដែលទើបរៀបចំថ្មីៗនេះ៕