(មូស្គូ)៖ នាថ្ងៃព្រហស្បតិ៍នេះ វិមានក្រឹមឡាំងបាននិយាយថា ខ្លួនស្វាគមន៍ចំពោះអ្វីគ្រប់យ៉ាងដែលអាចនាំយកទីបញ្ចប់នៃជម្លោះអ៊ុយក្រែន មកកាន់តែកៀកជាងមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។

វិមានក្រឹមឡាំងបានលើកឡើងដូចខាងលើ ដើម្បីឆ្លើយតបចំពោះការសាកសួរពីអ្នកសារព័ត៌មាន ថាតើខ្លួនមានការយល់ឃើញបែបណាដែរ ជុំវិញកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីចិន លោក ស៉ី ជិនពីង ហើយនិងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធសប្តាហ៍នេះ ស្តីពីវិបត្តិអ៊ុយក្រែន។ យ៉ាងណាមិញ វិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា រុស្ស៉ីនៅតែចាំបាច់ត្រូវសម្រេចឱ្យបាននូវ​កម្មវត្ថុនានា នៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ដែលចង់សំដៅទៅលើសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា មេដឹកនាំចិននិងអ៊ុយក្រែនទាំងពីររូប បានជជែកគ្នាជាលើកដំបូងបំផុតកាលពីថ្ងៃពុធ គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំមុនមក។ ចំណែកទីក្រុងវ៉ាស៉ីនតោន ដែលជាអ្នកជួយជ្រោមជ្រែងធំបំផុតដល់កិច្ចប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ក៏បានសម្តែងការស្វាគមន៍ចំពោះជំនួបតាមទូរស័ព្ទរវាងលោក ស៉ី និងលោក ហ្សេលេនស្គី ផងដែរ៕