(ស៉ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឲ្យមានការកែលម្អប្រព័ន្ធអន្តោប្រវេសន៍របស់ខ្លួន ដើម្បីពន្លឿនការទទួលបានកម្មករជំនាញខ្ពស់ចូលមកក្នុងប្រទេស និងសម្រួលនិតិវិធិសម្រាប់ការស្នាក់នៅជាអចិន្ត្រៃយ៍។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។

មន្រ្តីរដ្ឋាភិបាលមកពីគណបក្ស Labor អូស្រ្តាលី បាននិយាយថា ប្រព័ន្ធបច្ចុប្បន្នដែលប្រើដើម្បីជ្រើសរើសពលករជំនាញ ដោយការធ្វើតេស្តពិន្ទុកន្លងមកនោះនឹងត្រូវកែប្រែថ្មី ដែលអាចកំណត់អត្តសញ្ញាណមនុស្សមានជំនាញបានត្រឹមត្រូវជាងមុន ឈានទៅបំពេញតម្រូវការសេដ្ឋកិច្ចរបស់អូស្ត្រាលី។

រដ្ឋមន្រ្តីមហាផ្ទៃអូស្រា្តលី លោកស្រី ក្លែរ អូណែល (Clare O'Neil) បាននិយាយក្នុងសុន្ទរកថានៅឯក្លឹបសារព័ត៌មានជាតិថា អ្នកកាន់ទិដ្ឋាការជំនាញបណ្តោះអាសន្នដែលធ្លាប់ត្រូវបដិសេធ សូម្បីតែឱកាសដាក់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ នឹងអាចធ្វើទៅបាននៅចុងឆ្នាំ២០២៣នេះ។ ប៉ុន្តែវានឹងមិនបន្ថែមទៅក្នុងការទទួលជនអន្តោប្រវេសន៍ឱ្យស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់គោលការណ៍ប្រចាំឆ្នាំ របស់អូស្ត្រាលីនោះទេ។ ចាប់ពីថ្ងៃទី១ ខែកក្កដា រដ្ឋាភិបាលអូស្រា្តលី នឹងដំឡើងកម្រិតប្រាក់ឈ្នួល សម្រាប់កម្មករជំនាញបណ្តោះអាសន្ន ឲ្យដល់ចំនួន ៧០,០០០ដុល្លារអូស្ត្រាលី ឬស្មើនឹង ៤៦,២៥០ដុល្លារអាមេរិក។

គួរបញ្ជាក់ថា អូស្ត្រាលីបាននិងកំពុងប្រកួតប្រជែងជាមួយប្រទេសដទៃទៀត ដូចជាកាណាដា និងអាល្លឺម៉ង់ ដើម្បីទាក់ទាញជនពលករជំនាញ ចំពេលមានតម្រូវការកើនឡើង ដោយសារតែចំនួនប្រជាជនវ័យចំណាស់កាន់តែច្រើន។ កាលពីខែកញ្ញា ឆ្នាំ២០២២ អូស្ត្រាលីបានបង្កើន ការទទួលយកជនចំណាកស្រុកអចិន្ត្រៃយ៍របស់ខ្លួនដល់ចំនួន ១៩៥,០០០នាក់ ក្នុងឆ្នាំ២០២៣នេះ ដើម្បីជួយឲ្យអាជីវកម្មនានាប្រយុទ្ធប្រឆាំងនឹងការខ្វះខាតបុគ្គលិកដែលកំពុងរាលដាល ហើយសន្យាថានឹងមូលនិធិបន្ថែមទៀត រួមទាំងបង្កើនល្បឿនដំណើរការទិដ្ឋាការ៕