(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានចេញមុខព្រមានទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល ប្រឆាំងនឹងការបង្កឱ្យមានភាពប្រឈមមុខគ្នា កាន់តែខ្លាំងជាមួយកូរ៉េខាងជើង បន្ទាប់ពីប្រធានាធីបតីអាមេរិក លោក ចូ បៃដិន និងសមភាគីកូរ៉េខាងត្បូងរបស់លោក បានព្រមានធ្ងន់ៗថា ទីក្រុងព្យុងយ៉ាងនឹងជួបទីអវសាននៃរបបដឹកនាំរបស់ខ្លួន ប្រសិនបើហ៊ានប្រើអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) បាននិយាយដូច្នេះថា «ភាគីទាំងអស់គួរតែទទួលស្គាល់បញ្ហាសំខាន់​បំផុតនៃឧបទ្វីបកូរ៉េ ហើយដើរតួនាទីស្ថាបនាដើម្បីលើកកម្ពស់ ដំណោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហានោះ»។ ជាមួយគ្នានេះ លោកស្រី បានទទូចប្រឆាំងនឹងសកម្មភាពទាំងឡាយ ដែលសំដៅបង្កភាពតានតឹង ការប្រឈមមុខគ្នា និងការគំរាមកំហែង ដោយចេតនា។

កំលុងកិច្ចប្រជុំកំពូលនៅឯទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃពុធសប្តាហ៍នេះ លោក បៃដិន និងប្រធានាធិបតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានរួមគ្នាប្រកាសយ៉ាងមុតមាំថា ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានវាយប្រហារលើកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នោះការឆ្លើយតបទៅវិញ​នឹងមានកម្រិតធ្ងន់ធ្ងរជាទីបំផុត។ ភាគីទាំងពីរបានព្រមព្រៀងគ្នាទៀតថា ខែលការពារសន្តិសុខរបស់អាមេរិកសម្រាប់កូរ៉េខាងត្បូង ក៏នឹងត្រូវ​ពង្រឹងនៅចំពោះមុខការធ្វើតេស្តមីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរក្នុងដៃផងដែរ។

លោកស្រីអ្នកនាំពាក្យក្រសួងការបរទេសចិន បានបន្ថែមថា ទីក្រុងប៉េកាំងថ្កោលទោសសេចក្តីថ្លែងការណ៍រួម របស់អាមេរិកនិងកូរ៉េខាងត្បូង ដោយចោទថាទីក្រុងវ៉ាស៉ីនតោន មិនអើពើចំពោះសន្តិសុខក្នុងតំបន់ ហើយនៅតែចចេសទាញយកផលប្រយោជន៍ពី បញ្ហានៅឧបទ្វីបកូរ៉េដើម្បី​បង្កើតភាពតានតឹង។ ជាចុងក្រោយលោកស្រី ម៉ាវ បានលើកឡើងថា អ្វីដែលអាមេរិកកំពុងធ្វើ គឺបង្កឱ្យមានការប្រឈមមុខគ្នាកាន់តែខ្លាំង ដែលប៉ះពាល់ដល់សុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ព្រមទាំងផ្ទុយពីគោលដៅនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ៕