(ហែលស៉ិនគី)៖ នាយករដ្ឋមន្រី្ត លោក គ្រីស ហ៉ីបគីន (Chris Hipkins) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលនូវែលសេឡង់បានប្តេជ្ញាចិត្តកាត់បន្ថយការចំណាយ ទោះបីជាគ្រោះមហន្តរាយអាកាសធាតុយ៉ាងធ្ងន់ធ្ងរ កាលនៅដើម២០២៣ឆ្នាំនេះ បានបង្កការខូចខាតគិតជាថវិការប្រហែលពី ៥.៥១-៨ពាន់លានដុល្លារក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។

ទឹកជំនន់បានវាយប្រហារទីក្រុងអក់លែន (Auckland) ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនូវែលសេឡង់ នៅក្នុងខែមករា ហើយព្យុះស៊ីក្លូនហ្កាប្រ៊ីល (Gabrielle) បានបោកបក់កាត់កោះខាងជើង នៅក្នុងខែកុម្ភៈ ដោយបន្សល់ទុកនូវការរបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ ក្រសួងហិរញ្ញវត្ថុនូវែលសេឡង់ បានប៉ាន់ប្រមាណថា ប្រហែលពាក់កណ្តាលនៃការខូចខាត គឺទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ខណៈដែលទាំងក្រុមគ្រួសារ និងអាជីវកម្មបានរងការខូចខាតគិតជាថវិកាច្រើនជាង ១.២ពាន់លានដុល្លារ។

លោកនាយករដ្ឋមន្រ្តីនូវែលសេឡង់ បានឲ្យដឹងថា រដ្ឋាភិបាលនឹងមិនមានការកំណត់ពន្ធថ្មីនោះទេក្នុងផែនការថវិកាឆ្នាំ២០២៣ ហើយការចំណាយលើការជួសជុលភាគច្រើននឹងត្រូវប្រើប្រាស់ទុនបម្រុង។ ថ្លែងទៅកាន់សមាគមនិយោជក និងក្រុមហ៊ុនផលិត លោក ហ៉ីបគីន បានគូសបញ្ជាក់ថា «សម្រាប់រដ្ឋាភិបាល យើងប្តេជ្ញាកាត់បន្ថយជាសមាមាត្រនៃការចំណាយរបស់យើង ដើម្បីកាត់បន្ថយតម្រូវការនៅក្នុងសេដ្ឋកិច្ច»

គួរបញ្ជាក់ថា នូវែលសេឡង់កំពុងដោះស្រាយបញ្ហាអតិផរណាខ្ពស់ជាប្រវត្តិសាស្ត្រ ហើយធនាគារកណ្តាលពីមុនបានលើកឡើង ពីការព្រួយបារម្ភថា ការបង្កើនការចំណាយរបស់រដ្ឋាភិបាលអាចបន្ថែមបញ្ហាអតិផរណា។ ការចំណាយស្នូលរបស់រដ្ឋាភិបាលគឺស្មើនឹង ៣៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២២ ហើយត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ៣២ភាគរយនៃ GDP ក្នុងឆ្នាំ២០២៣៕