(ហ្សឺណែវ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ បានថយចុះដល់ទៅ៩៥ភាគរយ គិតចាប់តាំងពីដើមឆ្នាំនេះ ប៉ុន្តែបានព្រមានថា វីរុសនេះនៅតែកំពុងបន្តសកម្មភាពនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។
ប្រមុខអង្គការ WHO លោក តេដ្រូស អាដាណូម ហ្កេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយដូច្នេះថា «យើងពិតជាត្រេកអរណាស់ ចំពោះការបន្តថមថយជាលំដាប់នៃសេចក្តីរាយការណ៍ អំពីករណីស្លាប់ដោយសារកូវីដ១៩ ដែលបានធ្លាក់ចុះរហូតដល់៩៥ភាគរយ ចាប់តាំងតែពីដើមឆ្នាំនេះ។ ទោះជាយ៉ាងនេះក្តី ប្រទេសខ្លះនៅកំពុងមើលឃើញការកើនឡើង ហើយក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ មនុស្សសរុប១៤,០០០នាក់ បានបាត់បង់ជីវិតដោយសារកូវីដ។ ម៉្យាងវិញទៀត ដូចដែលការលេចឡើងនៃវីរុសកូវីដបំប្លែងថ្មី XBB.1.16 បានស្តែងឱ្យឃើញយ៉ាងដូច្នោះ គឺវីរុសនេះកំពុងបន្តមានការប្រែប្រួល ហើយនៅអាចមានសមត្ថភាពបង្ករលកឆ្លងរាលដាល ក៏ដូចជាការស្លាប់ថ្មីៗបន្តទៀត»។
លោក ថេដ្រូស បានគូសបញ្ជាក់ជាថ្មីថា អង្គការសុខភាពពិភពលោក នៅតែមានក្តីសង្ឃឹមថា នឹងអាចប្រកាសបិទបញ្ចប់ជំងឺកូវីដ១៩ ជាភាពអាសន្នផ្នែកសុខភាពសាធារណៈជាអន្តរជាតិ ខណៈគណៈកម្មាធិការដែលផ្តល់ប្រឹក្សាឱ្យរូបលោក ស្តីពីស្ថានភាពគ្រាអាសន្ននេះ នឹងត្រូវជួបប្រជុំនៅខែក្រោយ សម្រាប់កិច្ចប្រជុំជាប្រចាំរៀងរាល់ត្រីមាសរបស់ខ្លួន។
គួរបញ្ជាក់ថា គិតចាប់តាំងពីករណីដំបូងត្រូវបានរាយការណ៍ កាលពីចុងឆ្នាំ២០១៩ រហូតមកទល់ពេលនេះ កូវីដ១៩ បានផ្តាច់ជីវិតមនុស្សសរុប៦.៨៦លាននាក់ បើតាមតាមវែបសាយ worldometers នៅទូទាំងពិភពលោក រីឯករណីឆ្លងគឺជាង៦៨៦លាននាក់៕