(វ៉ាស៉ីនតោន)៖ កងទ័ពអាកាសអាមេរិក (USAF) នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា មេបញ្ជាការកងកម្លាំងទ័ពអាកាសចំនួន ២រូប ត្រូវបានព្យួរការងារពីអង្គភាពឆ្មាំជាតិ ជាកន្លែងដែលបុគ្គលឈ្មោះ ជេក ថិកសៀរ៉ា (Jack Teixeira) បម្រើការនៅទីនោះត្រូវបានចាប់ខ្លួន ជុំវិញករណីធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់យោធា កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។

លោក ថិកសៀរ៉ា អាយុ ២១ឆ្នាំត្រូវបានចាប់ខ្លួនដោយប៉ូលិស FBI កាលពីថ្ងៃទី១៣ ខែមេសា ក្នុងផ្ទះរបស់ខ្លួននៅរដ្ឋម៉ាសាឈូសេត (Massachusetts) ដោយចោទប្រកាន់ពីបទរំលោភលើច្បាប់ចារកម្ម។ ព្រះរាជអាជ្ញានិយាយថា បុគ្គលរូបនេះជាអ្នកដែលធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់ទៅកាន់ក្រុមអ្នកលេងអ៉ីនធឺណេតលើកម្មវិធីផ្ញើរសារ Discord។ ការផ្តន្ទាទោសលើការចោទប្រកាន់ពីបទចារកម្មមានរហូតដល់ ១០ឆ្នាំ នៅក្នុងពន្ធនាគារសហព័ន្ធ។

អ្នកនាំពាក្យរបស់ USAF បាននិយាយថា មេបញ្ជាការប្រតិបត្តិ និងមេបញ្ជាការអង្គភាព នៃកងពលលេខ 102nd Intelligence Wing ត្រូវផ្អាកការងារជាបណ្តោះអាសន្ន ដោយរង់ចាំនាយកដ្ឋានស៊ើបអង្កេតទូទៅនៃកងកម្លាំងអាកាស បញ្ចប់ការស៉ើបអង្កេតជាមុនសិន។ នាយកដ្ឋានកងទ័ពអាកាសក៏បានដកចេញជាបណ្តោះអាសន្នផងដែរ នូវការចូលប្រើប្រាស់របស់បុគ្គលទាំងពីរនេះចំពោះប្រព័ន្ធ និងព័ត៌មានសម្ងាត់។

គួរបញ្ជាក់ថា ករណីនេះត្រូវបានចាត់ទុកជាការរំលោភសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតរបស់សហរដ្ឋអាមេរិក គិតចាប់តាំងពីឯកសារ វីដេអូ និងខ្សែអាត់ការទូតជាង ៧០០,០០០ បានបែកធ្លាយលើគេហទំព័រ WikiLeaks កាលពីឆ្នាំ២០១០៕