(កៀវ)៖ កងកម្លាំងរុស្ស៉ីបន្តវាយលុកលើទីក្រុងបាកមូត (Bakhmut) ដែលជាចំណុចប្រសព្វនៃការប៉ុនប៉ងដណ្តើមយកទីតាំងឧស្សាហកម្មនៃតំបន់ដុនបាស់ (Donbas) ស្ថិតភាគខាងកើតអ៊ុយក្រែនអស់រយៈពេលជាច្រើនខែ ហើយប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីនិយាយថា កងទ័ពអ៊ុយក្រែនជៀសមិនរួចពីការរុញច្រានឲ្យចូលទៅមុខនោះឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។

ក្នុងរបាយការណ៍មួយនៅលើ Facebook បុគ្គលិកទូទៅនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បានឲ្យដឹងថា ក្នុងការប្រយុទ្ធគ្នាដើម្បីដណ្តើមកាន់កាប់ទីក្រុងបាកមូត និងតំបន់ក្បែរនោះ គឺកងកម្លាំងរុស្ស៉ីបរាជ័យលើការឈាន ទៅមុខនៅភូមិចំនួនពីរនៃភាគពាយព្យ ។ បើតាមសេចក្តីរាយការណ៍ដាច់ដោយឡែកមួយទៀត ពីអ្នកនាំពាក្យក្រុមកងកម្លាំងភាគខាងកើតអ៊ុយក្រែន លោក សឺហ៉ី ឆេរ៉េវ៉ាទី (Serhiy Cherevatiy) ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារចំនួន ៣២៤លើក ដោយប្រើកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតជាច្រើន។

ដោយឡែក លោក វីតាលី ឃីម (Vitaliy Kim) អភិបាលតំបន់ម៉ាយកូលេវ (Mykolaiv) ដែលស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន ក៏បានឲ្យដឹងផងដែរថា មីស៉ីលរបស់រុស្ស៉ីបានវាយប្រហារអគារផ្ទះល្វែង និងផ្ទះឯកជនមួយក្នុងទីក្រុងនេះ។ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស។

គួរបញ្ជាក់ថា សមរភូមិ Bakhmut នៅតែជារង្វាន់ដែលទាហានរុស្ស៉ីស្វែងរកនៅពេលនេះ។ ពួកគេបានព្យាយាមអស់រយៈពេល ៩ខែមកហើយ ដើម្បីបំបែកផ្លូវចូលមកក្នុងទីក្រុងដែលរងនូវការបំផ្លាញយ៉ាងធំធេង ពីសង្រ្គាមដែលអូសបន្លាយពេលជិត១ឆ្នាំកន្លះមកនេះ៕