(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថាលោកអាចផ្ដួលលោក ដូណាល់ ត្រាំ ម្ដងទៀតក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤ ហើយ បានព្រមានដែរថាអតីតប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះធ្លាប់ជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។

លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅបន្ទាប់ពីលោកប្រកាសជាផ្លូវការពីការសម្រេចចិត្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ និងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់ដែលសួរថាតើរូបលោកប្រកាសឈរឈ្មោះជាថ្មីដោយសារតែជឿថាខ្លួនឯងគឺជាមនុស្សតែម្នាក់គត់ដែលអាច ផ្ដួលលោក ដូណាល់ ត្រាំ បានឬ? លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំប្រហែលមិនមែនជាមនុស្សតែម្នាក់គត់នោះទេ ប៉ុន្តែខ្ញុំបានស្គាល់គាត់ (លោក ត្រាំ) យ៉ាងច្បាស់ ហើយខ្ញុំ ដឹងថាគាត់គឺជាការគំរាមកំហែងដល់ប្រជាធិបតេយ្យរបស់យើង»

គួរបញ្ជាក់ថា នៅក្នុងការប្រកាសជាផ្លូវការពីការឈរឈ្មោះឡើងវិញ លោក ចូ បៃដិន ដែលមានអាយុ ៨០ឆ្នាំ កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានបញ្ចេញរូបភាពមួយចំនួនបង្ហាញពី សកម្មភាពរបស់ក្រុមអ្នកគាំទ្រលោក ត្រាំ វាយប្រហារសម្រុកចូលវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ផងដែរ ជាមួយការសន្យាការពារប្រជាជនអាមេរិកពីក្រុម អ្នកជ្រុលនិយមមានទំនាក់ទំងជាមួយអតីតប្រធានាធិបតីអាមេរិករូបនេះ៕