(ញូវយ៉ក)៖ អ្នកនិពន្ធម្នាក់ដែលបានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាបានចាប់រំលោភលោកស្រីកាលពីជាង៣០ឆ្នាំមុន បានប្រាប់ចៅក្រមអាមេរិក នៅឯសវនាការមួយ កាលពី ថ្ងៃពុធសប្ដាហ៍នេះថាអតីតប្រធានាធិបតីអាមេរិករូបនេះបានបៀតបៀនផ្លូវភេទ និងបង្ខូចកិត្តិយសរបស់លោកស្រីដោយការនិយាយកុហកពីអ្វីដែលបានកើតឡើង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។

នៅចំពោះមុខចៅក្រមនៃតុលាការសហព័ន្ធក្នុងសង្កាត់ Manhattan ទីក្រុងញូវយ៉ក លោកស្រី E. Jean Carroll បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំស្ថិតនៅទីនេះ (តុលាការ) ដោយសារតែ ដូណាល់ ត្រាំ បានចាប់រំលោភខ្ញុំ ហើយនៅពេលដែលខ្ញុំបានសរសេរពីរឿងនេះ គាត់បាននិយាយកុហក និងអះអាងថាវាមិនបានកើតឡើងនោះទេ»។ លោកស្រីបន្តទៀតថាលោក ត្រាំ បានកុហក និងបង្ខូចកិត្តិយសរបស់លោកស្រី ហើយថាលោកស្រីស្ថិតនៅតុលាការ ដើម្បីព្យាយាមស្វែងរកកិត្តិយសមកវិញ។

គួរបញ្ជាក់ថា លោកស្រី E. Jean Carroll មានអាយុ៧៩ឆ្នាំ និងដែលជាអតីតអ្នកនិពន្ធម្នាក់របស់ទស្សនាវាដ្ដី Elle magazine បាន និងកំពុងព្យាយាមស្វែងរកសំណងពីលោក ដូណាល់ ត្រាំ មានអាយុ៧៦ឆ្នាំ។ ពាក្យបណ្ដឹងរបស់លោកស្រីមានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោក ដូណាល់ ត្រាំ បានចាប់រំលោភលោកស្រីនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ នៅឯផ្សារទំនើប Bergdorf Goodman កាលពីចុងឆ្នាំ១៩៩៥ ឬដើមឆ្នាំ១៩៩៦។

លោកស្រី បានចោទដែរថាលោក ត្រាំ បានបង្ខូចកិត្តិយសរបស់លោកស្រី ដោយការចាត់ទុកការអះអាងរបស់លោកស្រីជារឿងកុហក នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social និងនិយាយថាលោកស្រីមិនជាប្រភេទមនុស្សស្រីដែលលោកចូលចិត្តនោះទេ។ លោក ត្រាំ មិនមានវត្តមាន ហើយក៏មិនត្រូវបានតម្រូវឱ្យបង្ហាញខ្លួនក្នុងសវនាការនោះដែរ ខណៈលោក គ្រោងនឹងដឹកនាំយុទ្ធការឃោសនាមួយក្នុងរដ្ឋ New Hampshire នៅថ្ងៃព្រហស្បតិ៍នេះ៕