(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះបានសម្ដែងការស្វាគមន៍ចំពោះកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ប៉ុន្តែបាននិយាយថាវាដូចជាលឿនពេកក្នុងការសន្និដ្ឋានថាតើកិច្ចសន្ទនានេះនឹងនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាមដែរឬក៏យ៉ាងណា។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានទទួលស្គាល់ថាកិច្ចសន្ទនារវាងលោក ស៊ី ជិនពីង និងលោក ហ្សេលេនស្គី គឺជារឿងល្អ។ លោកបានបន្ថែមដូច្នេះថា «តែបច្ចុប្បន្ន ថាតើកិច្ចសន្ទនានេះនឹងនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏ពិតប្រាកដមួយ ផែនការ ឬក៏សំណើណាមួយដែរឬទេ ខ្ញុំយល់ថា យើងមិនអាចដឹងក្នុងពេលឥលូវនេះនោះទេ»

គួរបញ្ជាក់ថា កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ស៊ី ជិនពីង និងលោក ហ្សេលេនស្គី កាលពីថ្ងៃពុធសប្ដាហ៍នេះគឺជាកិច្ចសន្ទនាដំបូងបំផុតរវាងមេដឹកនាំទាំង២ ចាប់តាំងពីរុស្ស៉ីបើក ការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។​ នៅក្នុងជំនួបនោះដែរ លោក ស៊ី ជិនពីង បានប្រាប់លោក ហ្សេលេនស្គីថាចិននឹងបញ្ជូនបេសកជនពិសេសម្នាក់ ទៅកាន់ប្រទេសអ៊ុយក្រែន ហើយនឹងបើកកិច្ចពិភាក្សាជាមួយគ្រប់ភាគីទាំងអស់សំដៅស្វែងរកសន្តិភាព៕