(ព័រម៉ូរេសប៊ី)៖ លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់អំណាចដំបូងគេបំផុត ដែលនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ ក្នុងរយៈពេលជាង១សតវត្សរ៍មកនេះ បើទោះជាវាគ្រាន់តែជាដំណើរឈប់សំចតខ្លីមួយក៏ដោយ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសប៉ាពូអាស៊ី នូវែលហ្គីណេ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសប៉ាពូអាស៊ី នូវែលហ្គីណេ លោក ចាស្ទីន កាឈិនកូ (Justin Tkatchenko) បានឱ្យដឹងថាលោក ចូ បៃដិន មានគម្រោងឈប់សំចតនៅឯទីក្រុង ព័រម៉ូរេសប៊ី (Port Moresby) នៅខែឧសភាខាងមុខ នាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុន និងកិច្ចប្រជុំកំពូលក្រុមប្រទេសក្វាដ (Quad) ក្នុងទីក្រុងស៉ីដនី ប្រទេសអូស្ត្រាលី។ លោក កាឈិនកូ បានគូសបញ្ជាក់បន្ថែមថាលោក ចូ បៃដិន នឹងធ្វើដំណើរមកកាន់ប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ នៅព្រឹកថ្ងៃទី២២ ខែឧសភា ហើយនឹង ស្ថិតនៅទីក្រុងព័រម៉ូរេសប៊ី ត្រឹមរយៈពេល៣ម៉ោង តែប៉ុណ្ណោះ ខណៈកិច្ចពិភាក្សាអាចនឹងផ្ដោតលើសេដ្ឋកិច្ច សន្តិសុខ និងការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអាមេរិក ពោលគឺរាប់ចាប់ពីអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក Theodore Roosevelt ក្នុងឆ្នាំ១៩០១មក មិនដែល មានប្រធានាធិបតីអាមេរិកកំពុងកាន់អំណាចណាម្នាក់បំពេញទស្សនកិច្ចមកកាន់ប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេនោះទេ៕