(បាងកក)៖ ក្រុមអ្នកតំណាងមកពីរដ្ឋាភិបាល និងវិទ្យាស្ថានសិក្សាស្រាវជា្រវមកពីប្រទេសមីយ៉ាន់ម៉ា និងប្រទេសក្បែរខាងមួយចំនួន រួមមានទាំងឥណ្ឌា និងចិន បានបើក កិច្ចពិភាក្សាមួយក្នុងទីក្រុងញូវដេលី កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជាសម្ងាត់ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃជម្លោះដ៏បង្ហូរឈាម ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍​ ទី២៧ ខែមេសា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលបានដឹងពីកិច្ចភាក្សាខាងលើ ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ។ កិច្ចពិភាក្សា នៅក្នុងសប្ដាហ៍នេះគឺជាកិច្ចពិភាក្សាមានឈ្មោះថា «Track 1.5» ធ្វើឡើងជាលើកទី២ ក្រោយកិច្ចពិភាក្សានេះធ្លាប់ត្រូវធ្វើឡើងម្ដងរួចហើយកាលពីខែមីនាកន្លងទៅ ក្នុងប្រទេសថៃ។

ប្រភពដដែលបានប្រាប់ Reuters ទៀតថាកិច្ចពិភាក្សាខាងលើមានការចូលរួមពីអ្នកតំណាងមកពីប្រទេសមីយ៉ាន់ម៉ា ឥណ្ឌា ចិន ថៃ កម្ពុជា ឡាវ និងឥណ្ឌូណេស៊ី ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានអាស៊ាន។ ប៉ុន្តែ ទាំងចិន ឥណ្ឌា និងឥណ្ឌូណេស៊ីជាដើម មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ នៅពេលត្រូវបានសាកសួរពីកិច្ចពិភាក្សា នេះ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ផែនការសន្តិភាព ៥ចំណុចរបស់អាស៊ាន គឺជាដំណើរការស្វែងរកសន្តិភាពតាមផ្លូវការទូត ជាផ្លូវការតែមួយគត់ សម្រាប់វិបត្តិនៅមីយ៉ាន់ម៉ា និងមានការជំរុញឱ្យមានការចាប់ផ្ដើមកិច្ចសន្ទនារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕