(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក យូន ស៊ុកយុល បានព្រមានកូរ៉េខាងជើងថាអាចនឹងប្រឈមមុខនឹងការឆ្លើយតបដោយ អាវុធនុយក្លេអ៊ែរ និងទីបញ្ចប់នៃរបបដឹកនាំសព្វថ្ងៃ ប្រសិនបើទីក្រុងព្យុងយ៉ាង ហ៊ានបង្ករឿងដោយប្រើអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។

ការព្រមានខាងលើធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងលោក បៃដិន និងលោក យូន នៅឯសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជាមួយការសង្កត់ធ្ងន់ថាខែល ការពារសន្តិសុខរបស់សហរដ្ឋអាមេរិក សម្រាប់កូរ៉េខាងត្បូង កំពុងត្រូវបានពង្រឹង នៅចំពោះមុខសកម្មភាពធ្វើតេស្ដមីស៊ីលយ៉ាងគឃ្លើនដោយកូរ៉េខាងជើង។ មេដឹកនាំទាំង២ បានបញ្ជាក់ ដែរថាការវាយប្រហាររបស់កូរ៉េខាងជើងលើកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក នឹងត្រូវទទួលរងការឆ្លើយតបត្រឡប់ទៅវិញយ៉ាងបំផ្លិចបំផ្លាញបំផុត។

ថ្លែងនាឱកាសនោះដែរ លោក យូន ស៊ុកយុក ក៏បានលើកឡើងដែរថា​ប្រសិនបើមានការវាយប្រហារដោយនុយក្លេអ៊ែរពីកូរ៉េខាងជើង នោះទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នឹងធ្វើការវាយបកយ៉ាងពេញទំហឹង ក្នុងនោះរួមមានទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោក យូន ស៊ុកយុល កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដោយនឹងត្រូវបន្តជួបជាមួយមន្ត្រីអាមេរិកកំពូលៗដូចជាអនុប្រធានាធិបតីអាមេរិក និងរដ្ឋមន្ត្រីការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយគ្រោងនឹងត្រឡប់ទៅកាន់កូរ៉េខាងត្បូងវិញនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕