(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ប្រទេសចិននឹងបញ្ជូនអ្នកតំណាងពិសេសទៅកាន់ប្រទេសអ៊ុយក្រែន និងជួបពិភាក្សាជាមួយគ្រប់ភាគីដើម្បីដោះស្រាយវិបត្តិនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២៦ ខែមេសា​ ឆ្នាំ២០២៣។

លោក ស៊ី ជីនពីង បានធ្វើការកត់សម្គាល់បែបនេះ ​នៅក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។

ក្នុងពេលជាមួយគ្នានេះ លោក ស៊ី ក៏បានប្រាប់ លោក ហ្សេលេនស្គី ផងដែរថា ប្រទេសចិននឹងផ្តោតលើការលើកកម្ពស់កិច្ចចរចាសន្តិភាព និងខិតខំប្រឹងប្រែងឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បាននិយាយម្តងហើយម្តងទៀតថា លោកនឹងបើកចំហដើម្បីពិភាក្សាជាមួយសមភាគីចិន លោក ស៊ី។ កាលពីខែកុម្ភៈ ទីក្រុងប៉េកាំងបានបង្ហាញដំណោះស្រាយចំនួន១២ចំណុច ដែលអំពាវនាវឱ្យមាន «ដំណោះស្រាយនយោបាយ» ចំពោះវិបត្តិនៅអ៊ុយក្រែន៕