(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាងមួយឆ្នាំមកនេះ ពិភពលោកបានផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងលើក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner Group ដែល មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ ក្រុមហ៊ុន Wagner ដែលមានលោក Yevgeny Prigozhin ជាថៅកែ បច្ចុប្បន្ន​ កំពុងដឹកនាំការធ្វើសង្រ្គាមនៅឯសមរភូមិមុខក្នុងប្រទេសអ៊ុយក្រែន តួយ៉ាងដូចជាទីក្រុងបាកមូត។

ប៉ុន្តែព្រមពេលជាមួយគ្នា ក្រៅពីនៅអ៊ុយក្រែន គេមិនសូវជាចាប់អារម្មណ៍ឡើយពីក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ីមួយនេះ។ Wagner ត្រូវបានគេរាយការណ៍ថា កំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងប្រទេសជាង៣០ ក្នុងនោះរួមមានទាំងអ៊ុយក្រែន ស៉ីរី លីប៊ី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ម៉ាដាហ្កាស្កា ម៉ូសំប៊ិក និងជាពិសេស ក្នុងប្រទេសស៊ូដង់ ជាទីដែលជម្លោះបង្ហូរឈាមដណ្ដើមអំណាចគ្នាបានផ្ទុះឡើងអស់រយៈពេលជាថ្ងៃច្រើនមកនេះ។

ជម្លោះដណ្ដើមអំណាចនៅស៊ូដង់រវាងកងទ័ពរដ្ឋាភិបាល SAF ដឹកនាំដោយឧត្ដមសេនីយ៍លោក Mohammad Fattah al-Burhan និងទាហានប៉ារ៉ា RSF របស់ លោកឧត្ដមសេនីយ៍ Mohamed Hamdan Dagalo គឺជាវិបត្តិមួយចាក់ឬសយ៉ាងជ្រៅនៃនយោបាយក្នុងស្រុករបស់ស៊ូដង់។ តែទោះគឺជាវិបត្តិក្នុងស្រុកក៏ពិតមែន ក៏វាបានបង្កើតឱកាសសម្រាប់តួអង្គបរទេសមានទាំងរុស្ស៉ីអាចនឹងធ្វើអន្តរាគមន៍តាមរយៈក្រុមហ៊ុន Wagner សំដៅបង្កើតស្ថានការណ៍នយោបាយថ្មីដែល អំណោយផលដល់ផលប្រយោជន៍របស់ខ្លួន។ ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner ដែលតែងតែជួយស្វែងរកប្រយោជន៍សេដ្ឋកិច្ច នយោបាយ និងយោធា សម្រាប់ទីក្រុងមូស្គូ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសស៊ូដង់កាលពីខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលបំណងផ្ដល់ការគាំទ្រខាងនយោបាយ និងយោធាដល់ អតីតប្រធានាធិបតីស៊ូដង់ លោក Omar al-Bashir។ នៅក្រោមជំនាន់លោក al-Bashir ស៊ូដង់បានចុះហត្ថលេខាងលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខ ជាមួយទីក្រុងមូស្គូ ដែលផ្តោតជាសំខាន់លើការផ្ដល់សម្បទាន «រុករកមាស» ឱ្យ M-Invest ជាក្រុមហ៊ុនរុស្ស៉ីមួយមានទំនាក់ទំនងជាមួយលោក Prigozhin និងក្រុមហ៊ុន Wagner។

ក្រុមហ៊ុន Wagner នៅតែបន្តធ្វើសកម្មភាពក្នុងប្រទេសស៊ូដង់ ក្រោយមានរដ្ឋប្រហារទម្លាក់លោក al-Bashir ចេញពីអំណាចកាលពីខែមេសា ឆ្នាំ២០១៩ និងបាន សម្របខ្លួនទៅនឹងបរិយាកាសនយោបាយ ក៏ដូចជាចាប់យកឱកាសស្វែងរកប្រយោជន៍នៅក្រោមរដ្ឋាភិបាលអន្តរកាលមួយ។ ក្រោយមកទៀត ក្រុមហ៊ុន Wagner បានគាំទ្រដល់ការធ្វើរដ្ឋប្រហារយោធាថ្មីមួយទៀតក្នុងឆ្នាំ២០២១ ហើយដែលរដ្ឋប្រហារនេះបានបង្កើតរដ្ឋាភិបាលមួយដែលមានទំនោរបន្តពង្រឹងទំនាក់ទំនងជាមួយ រុស្ស៉ី។ នៅស៊ូដង់ ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner មានអាទិភាពត្រូវផ្ដោតសំខាន់ចំនួន ២៖

* ទីមួយ នោះគឺ «ការរុករកមាស»៖ នៅក្រោមកិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងទីក្រុងខាទុំ Meroe Gold ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន M-Invest អាចធ្វើប្រតិបត្តិការរុករកមាសដោយប្រើឈ្មោះ Al-Solag ដើម្បីបន្លំជាក្រុមហ៊ុនក្នុងស្រុករបស់ស៊ូដង់ និងបង្កើតបណ្ដាញរុករកមាស ព្រមទាំងធ្វើប្រតិបត្តិការលួចលាក់ រត់ពន្ធមាស ក្នុងប្រទេសស្ថិតនៅតំបន់អាហ្រ្វិកមួយនេះ។ មិនត្រឹមតែបង្កើនប្រភពចំណូលប៉ុណ្ណោះទេ ការរត់ពន្ធមាសនេះក៏បានជួយបំប៉នផងដែរដល់សង្រ្គាមរបស់ លោក ពូទីន នៅអ៊ុយក្រែន និងគេចពីទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច។ នៅត្រង់នេះ ផលប្រយោជន៍ចម្បងរបស់រុស្ស៉ីនៅស៊ូដង់ គឺត្រូវធ្វើយ៉ាងណា ការពារ ប្រតិបត្តិការ និងបណ្ដាញរត់ពន្ធមាសនេះឱ្យបាន។

* ទី២ សង់មូលដ្ឋានទ័ពជើងទឹកមួយក្នុងតំបន់សមុទ្រក្រហម៖ រុស្ស៉ីមានបំណងតាំងតែពីយូរណាស់មកហើយ ក្នុងការបង្កើតមូលដ្ឋានទ័ពជើងទឹកមួយនៅក្នុង តំបន់សមុទ្រក្រហម។ ជាក់ស្ដែង កាលពីចុងឆ្នាំ២០២០ ទីក្រុងមូស្គូ និងទីក្រុងខាទុំ បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីសង់មូលដ្ឋានទ័ពជើងទឹករុស្ស៉ីមួយនៅឯ ទីក្រុងកំពង់ផែ Port Sudan។ តាមរយៈកិច្ចព្រមព្រៀងនេះ មូលដ្ឋានទ័ពជើងទឹកនេះនឹងត្រូវមានមជ្ឈមណ្ឌលភស្តុភារទ័ពជើងទឹកមួយ និងកន្លែងជួសជុលកប៉ាល់ ឬនាវា ហើយអនុញ្ញាតឱ្យកងទ័ពរុស្ស៉ី ៣០០នាក់ និងនាវាចម្បាំង៤គ្រឿង ក្នុងនោះរួមមានទាំងនាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរឈរជើង។ រដ្ឋាភិបាលអន្តរកាលស៊ូដង់ បានផ្អាកគម្រោងសាងសង់មូលដ្ឋានទ័ពជើងទឹកនេះ កាលពីខែមេសា ឆ្នាំ២០២១ ដោយសាររងសម្ពាធពីសហរដ្ឋអាមេរិក ហើយនៅក្រោយរដ្ឋប្រហារក្នុងឆ្នាំ២០២១ ដដែលនោះ យោធាស៊ូដង់នៅតែមានការស្ទាក់ស្ទើរក្នុងការដំណើរការគម្រោងនេះឡើងវិញ។ រុស្ស៉ីនៅតែមានបំណងបង្កើតមូលដ្ឋានទ័ពក្នុងតំបន់សមុទ្រក្រហម ហើយ ទំនងជាកំពុងរិះរកមធ្យោបាយធ្វើយ៉ាងណាសម្រេចបាននូវលទ្ធផលនយោបាយអំណោយផលមួយ ដែលមេដឹកនាំស៊ូដង់អាចនឹងដំណើរការគម្រោងរបស់ខ្លួនឡើងវិញ។

ដូច្នេះហើយ លទ្ធផលណាមួយដែលកើតចេញពីជម្លោះដណ្ដើមអំណាចរវាងគូភាគីជម្លោះនៅស៊ូដង់ អាចនឹងជះឥទ្ធិពលដល់ផលប្រយោជន៍ចម្បងទាំង២ ខាងលើរបស់ រុស្ស៉ី។ ដើម្បីការពារផលប្រយោជន៍ទាំងនេះ ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner នឹងព្យាយាមកែប្រែលទ្ធផលនៃជម្លោះឱ្យស្របទៅនឹងប្រយោជន៍របស់ពួកគេ ស្របពេលមានពាក្យ​ចចាមអារ៉ាមថាមេដឹកនាំទាហានប៉ារ៉ា RSF លោកឧត្ដមសេនីយ៍ Mohamed Hamdan Dagalo បានស្នើសុំជំនួយពីទាហានស៊ីឈ្នួលរុស្ស៉ី Wagner និងលោក Khalifa Haftar ជាមេដឹកនាំលីប៊ីភាគខាងកើត និងដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហ៊ុន Wagner។ មិនតែប៉ុណ្ណោះ តាមរយៈការផ្ដល់ជំនួយដល់ RSF ដោយ សហការជាមួយលោក Haftar វាក៏នឹងផ្ដល់ជម្រើសអនុញ្ញាតឱ្យ Wagner ធ្វើសកម្មភាពប្រកបដោយភាពបត់បែនផងដែរ៕