(ប៊ែឡាំង)៖ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់បានប្រកាសនៅថ្ងៃពុធនេះថា យន្តហោះចម្បាំងអាល្លឺម៉ង់ និងអង់គ្លេសបានស្ទាក់ចាប់យន្តហោះរុស្ស៊ីបីគ្រឿង នៅក្នុងដែនអាកាសអន្តរជាតិលើសមុទ្របាល់ទិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។
កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់បានសរសេរលើ Twitter ថា «...យន្តហោះចម្បាំងអាល្លឺម៉ង់ និងអង់គ្លេស Eurofighters ត្រូវបានជូនដំណឹងដើម្បីកំណត់អត្តសញ្ញាណយន្តហោះយោធារុស្ស៉ីចំនួនបីគ្រឿង»។
ប្រភពដដែលបានបន្ថែមថា «យន្តហោះចម្បាំង Su-27 ចំនួនពីរគ្រឿង និង IL-20 ចំនួនមួយគ្រឿងរបស់រុស្ស៊ី បានហោះហើរម្តងទៀត ដោយគ្មានសញ្ញាបញ្ជូន នៅក្នុងតំបន់អាកាសអន្តរជាតិ នៅលើសមុទ្របាល់ទិក»។
គួរបញ្ជាក់ថា យន្តហោះយោធារុស្ស៊ីតែងតែហោះហើរពីរុស្ស៊ីដីគោកទៅកាន់ទីក្រុង Kaliningrad និងត្រឡប់មកវិញ មានន័យថាការជួបគ្នាបែបនេះគឺជារឿងធម្មតានៅក្នុងតំបន់។
កាលពីដើមខែនេះ អាល្លឺម៉ង់បានប្រគល់ការទទួលខុសត្រូវចំពោះបេសកកម្មសង្កេតអាកាសរបស់អង្គការណាតូទៅឱ្យចក្រភពអង់គ្លេស។ ទោះយ៉ាងណា កងទ័ពអាកាសអាល្លឺម៉ង់នឹងបន្តគាំទ្ររហូតដល់ចុងខែនេះ។
សម្ព័ន្ធមិត្តរបស់អង្គការណាតូ បានដាក់ពង្រាយដើម្បីការពារលំហអាកាសនៅទីនោះ ព្រោះប្រទេសលីទុយអានី ឡាតវី និងអេស្តូនី ដែលជាសមាជិកនៃសម្ព័ន្ធយោធានេះ មិនមានយន្តហោះចម្បាំងផ្ទាល់ខ្លួនទេ៕