(ញូវយ៉ក)៖ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានប្រទេសរុស្ស៊ីធ្វើជាប្រធានប្តូរវេន បានបង្កនូវបរិយាកាសអាប់អួរ ខណៈប្រទេសដែលចូលរួម បាននិយាយ ចំអកដល់រុស្ស៊ីថាមិនស័ក្តិសមធ្វើជាប្រទេសដឹកនាំផ្តល់ឳវាទដល់ប្រទេសទាំងឡាយជាសមាជិកដែលចូលរួមនោះឡើយ។ ប្រទេសរុស្ស៊ី នៅក្នុងខែមេសានេះ បានឡើងកាន់តំណែងជា ប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កាលពីថ្ងៃចន្ទ កិច្ចប្រជុំមួយក្រោមប្រធានបទ «ថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ» បានក្លាយជាការស្តីចំអកមួយ ដាក់គ្នាទៅវិញទៅមក ។

សង្គ្រាមវោហាសាស្ត្ររវាងមន្ត្រីការទូតក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបង្កជាបរិយាកាសអាប់អួរខណៈមន្ត្រីការទូតលោកខាងលិ ចនិងអគ្គលេខាធិការអង្គការ សហប្រជាជាតិ បាននាំគ្នាចោមព័ទ្ធវាយប្រហារដោយពាក្យសម្តីដាក់លើរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ ទំនាក់ទំនងផ្នែកការទូតរុស្ស៊ី កន្លងមកនេះ ហាក់ដូចជាត្រូវបាន កាត់ផ្តាច់យ៉ាងទូលំទូលាយពីសន្និសីទអន្តរជាតិ ចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូបានចាប់ផ្តើមការលុកលុយរបស់ខ្លួនលើប្រទេសអ៊ុយក្រែនចាប់តាំងពីឆ្នាំមុននោះមក។

ទោះបីជាយ៉ាងណាក៏ដោយ, របៀបរបបដឹកនាំរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលជាស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់អង្គការសហប្រជាជាតិ នៅតែបន្តធ្វើកិច្ចការផ្លាស់ប្តូររបស់ខ្លួន យោងតាម អក្ខរក្រមក្នុងចំណោមប្រទេសសមាជិកទាំង១៥របស់ខ្លួន។ ក្នុងនោះប្រទេសចំនួនប្រាំ រួមមាន ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក គឺជាប្រទេសដែលមានអាសនៈ អចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សា។ ចំណែកសមាជិក ១០ប្រទេសដែលនៅសេសសល់ ត្រូវជ្រើសរើសសម្រាប់អាណត្តិពីរឆ្នាំដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅក្នុងខែមេសា ដែលមិនទាន់ដាច់នេះ ប្រទេសរុស្ស៊ី គឺជាប្រទេសនៃប្រធានប្តូរវេនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប្រទេសរុស្ស៊ីធ្លាប់ធ្វើជាប្រធានប្តូរវេនចុងក្រោយរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងមក ដែលនៅពេលនោះរុស្ស៊ីបានបើកយុទ្ធនាការចូលវាយលុកលើទឹកដីអ៊ុយក្រែន។ កិច្ចប្រជុំ មួយ ដែលរៀបចំដោយរុស្ស៊ីកាលពីថ្ងៃចន្ទ ទី២៤ ខែមេសា ក្រោមប្រធានបទ «ថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ» បានក្លាយជាការស្តីចំអកមួយដាក់គ្នាទៅវិញទៅមក។ បណ្តា ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិពីចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក និងប្រទេសស្វីស សុទ្ធតែបានប្រើពាក្យសម្តីនិយាយថ្កោលទោសដល់រុស្ស៊ីដែលបានធ្វើជាប្រធានប្តូរវេនថ្មី ក្នុងខែមេសាឆ្នាំ២០២៣។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងបណ្តាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ និងមន្ត្រីទូតរបស់សហភាពអឺរ៉ុប បាននាំគ្នា ថ្កោលទោសការឈ្លានពាន របស់រុស្ស៊ីមកលើអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពេលនោះដែលស្ថិតក្រោមអធិបតីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ។

លោក Guterres ដែលអង្គុយក្បែរលោក Lavrov ក្នុងការចាប់ផ្តើមបើកកិច្ចប្រជុំភ្លាម លោកបានប្រញាប់និយាយថ្កោលទោសដល់ប្រទេសរុស្ស៊ី។ លោកបានហៅការឈ្លានពានរបស់រុស្ស៊ី ដាក់មកលើអ៊ុយក្រែនថា ជា«ការបំពាន» នៃច្បាប់អន្តរជាតិនិងបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោក Guterres បាននិយាយថា សង្រ្គាម «បានបណ្តាលឱ្យមានទុក្ខវេទនា និងការបំផ្លិចបំផ្លាញយ៉ាងធំធេងដល់ប្រទេសអ៊ុយក្រែន និងប្រជាជនរបស់គេ»

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Olof Skoog បានថ្លែងក្នុងពេលនោះថា «តាមរយៈការរៀបចំកិច្ចពិភាក្សា, រុស្ស៊ីកំពុងព្យាយាមបង្ហាញខ្លួនឯងថាជាអ្នកការពារធម្មនុញ្ញ អង្គការសហប្រ ជាជាតិ និងពហុភាគីនិយម»។ លោកបានថ្លែងថា «វាគ្មានអ្វីជាការពិតទាំងអស់និងវាគ្រាន់តែជាអំពើដែលគ្មានភាពខ្មាស់អៀន»។ ប្រទេសក្នុងសហភាពអឺរ៉ុប បានចេញនូវសេចក្តីថ្លែងការណ៍ រួមមួយរបស់ខ្លួននៅមុនកិច្ចប្រជុំនោះបានចាប់ផ្តើមដោយការនិយាយថ្កោលទោសចំពោះសកម្មភាពធ្វើសង្គ្រាមរបស់រុស្ស៊ី ក្នុងអ៊ុយក្រែននិងបានរិះគន់វត្តមានរបស់លោក Sergei Lavrov ថែមទៀត។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Olof Skoog បាននិយាយបន្ថែមក្នុងកិច្ចប្រជុំនាពេលនោះទៀតថា «យើងទាំងអស់គ្នាដឹងថា ក្នុងពេលដែលរុស្ស៊ីកំពុងបំផ្លាញ គឺយើងជា អ្នកជួយកសាង និងក្នុងពេលដែលរុស្ស៊ីបានធ្វើសកម្មភាពបំពាន គឺយើងដែលជាអ្នកការពារ»

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនោះ, លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Segei Lavrov បាននិយាយរៀបរាប់នូវមូលហេតុដែលនាំឱ្យមានសង្គ្រាម និងបានចោទប្រកាន់ដល់អ៊ុយក្រែននិង ប្រទេសលោកខាងលិច ជាមួយការបន្ទោសថាសង្គ្រាមកើតឡើងគឺដោយសារពួកគេទាំងឡាយនោះ។ រុស្ស៊ីបានថ្កោលទោសនូវ «សណ្តាប់ធ្នាប់ពិភពលោកជាឯកប៉ូល» ដែលបានកើតឡើង ក្រោយការបញ្ចប់នៃសង្គ្រាមត្រជាក់។ រុស្ស៊ីបាននិយាយថា សណ្តាប់ធ្នាប់ក្នុងលក្ខណៈជាឯកប៉ូលនោះ «បង្ហាញការបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះប្រសិទ្ធភាព និងស្ថិរភាពនៃប្រព័ន្ធ អង្គការសហប្រជាជាតិ»។ លោក Lavrov នៅមុនពេលដែលមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ លោកបាននិយាយដែរថា ប្រព័ន្ធអង្គការសហប្រជាជាតិកំពុង ស្ថិតក្នុងវិបត្តិដ៏ជ្រាលជ្រៅ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនោះបានចោទប្រកាន់ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវចំពោះការធ្វើឱ្យមានវិបត្តិ ទាំងនោះ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយថ្កោលទោសជាច្រើនថែមទៀតដល់ប្រទេសលោកខាងលិចជាពិសេសសហរដ្ឋអាមេរិកនូវទង្វើរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន តាំងពី ការទម្លាក់គ្រាប់បែកបរមាណូដាក់លើប្រទេសជប៉ុន មកដល់ការជួយបង្កើតរបបបន្តុបមួយដល់អ៊ុយក្រែនតាមរយៈការធ្វើរដ្ឋប្រហារឆ្នាំ២០១៤ និងរហូតពាក់ព័ន្ធដល់សហរដ្ឋអាមេរិក ធ្វើទុក្ខបុកម្នេញដាក់លើអ្នកកាសែតរុស្ស៊ី និងបញ្ហាជាច្រើនទៀត។

លោក Lavrov បាននិយាយថា «ដូចករណីក្នុងអំឡុងសង្គ្រាមត្រជាក់ យើងបានឈានដល់សភាពប្រកបដោយគ្រោះថ្នាក់ …ប្រហែលជាគ្រោះថ្នាក់ជាងនេះទៅទៀត»។ លោក Lavrov បានចោទប្រកាន់ «សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកលើការបោះបង់ចោលកិច្ចការទូត» និងលោកទាមទារឱ្យមានការបញ្ជាក់ច្បាស់លាស់នូវទំនាក់របស់អាមេរិក និងក្រុមសម្ព័ន្ធ ដែលកំពុងតែធ្វើនៅលើសមរភូមិ។ មន្ត្រីទូតចិនប្រចាំអង្គការសហប្រជាជាតិ បានរួមគ្នាជាមួយរុស្ស៊ី ធ្វើការថ្កោលទោសសកម្មភាពរបស់ប្រទេសលោកខាងលិចជុំវិញ ការដាក់ទណ្ឌកម្ម ជាឯកតោភាគី។ មន្ត្រីទូតចិន បានថ្លែងបញ្ជាក់ថាការដាក់ទណ្ឌកម្មជាឯកតោភាគី គឺជាអំពើ ដែលរំលោភបំពានច្បាប់អន្តរជាតិ ដែលគេត្រូវតែធ្វើការប្រឆាំងទប់ទល់វិញ។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ទីក្រុងវ៉ាស៊ីនតោន លោកស្រី Linda Thomas-Greenfield ខណៈពេលកំពុងកាន់ធម្មនុញ្ញអង្គការពិភពលោកនៅក្នុងដៃបានហៅប្រទេសរុស្ស៊ី ដែលកោះប្រជុំនាពេលនោះ ថាជាប្រទេសលាក់ពុត។ លោកស្រី Thomas-Greenfield បានថ្លែងថា «អ្នកកោះហៅដ៏លាក់ពុតរបស់យើងបានលុកលុយប្រទេសជិតខាងរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ហើយបានវាយប្រហារចំបេះដូងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ថែមទៀត»។ លោកស្រី Thomas-Greenfield បាននិយាយថា សង្រ្គាមខុសច្បាប់របស់រុស្ស៊ី បាន «ផ្ទុយនឹងគោលការណ៍ចែករំលែកច្រើនបំផុតរបស់យើង» និងថាសង្រ្គាមដណ្តើមយកទឹកដីនោះគឺគេ «មិនអាចទទួលយកបានឡើយ»។ លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក បាននិយាយនៅ មុខអ្នកចូលរួមដោយបញ្ជាក់សាចុះសាឡើងថា «គ្រាដែលយើងកំពុងស្ថិតនៅទីនេះ សកម្មភាពឈ្លានពាននៅតែបន្ត…គ្រាដែលយើងអង្គុយនៅទីនេះ កងកម្លាំងរុស្ស៊ីបន្តសម្លាប់ និងធ្វើឱ្យជនស៊ីវិល រងរបួស…គ្រាដែលយើងស្ថិតនៅទីនេះ កងកម្លាំងរុស្ស៊ីធ្វើការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់អ៊ុយក្រែន…គ្រាដែលយើងស្ថិតនៅទីនេះ ជីវិតមនុស្សកំពុងរង់ចាំ សោកនាដកម្មថ្មីដូចជានៅ Bucha, Mariupol, Kherson និងរង់ចាំឧក្រិដ្ឋសង្គ្រាមនិងអំពើព្រៃផ្សៃជាបន្ទាប់មកទៀត»

ក្នុងសប្តាហ៍ដែលមានសង្គ្រាមពាក្យសម្តីការទូតវាយប្រហារដាក់គ្នាទៅវិញទៅមកនោះ នៅលើសមរភូមិនោះវិញ ការប្រយុទ្ធបានអូសបន្លាយឈានដល់ថ្ងៃទី៤២៦ថ្ងៃហើយគិតត្រឹមថ្ងៃពុធ ទី២៦ ខែមេសាឆ្នាំ២០២៣។ ទីភ្នាក់ងារអាល់ហ្សាហ្ស៊ីរ៉ា បានរាយការណ៍ថាកងកម្លាំងរុស្ស៊ី បានបាញ់ដាក់លើសារមន្ទីរមួយក្នុងក្រុង Kupiansk របស់អ៊ុយក្រែន ដោយបានធ្វើឱ្យមនុស្ស ២នាក់បានស្លាប់ និង១០នាក់បានរងរបួស។ លើសមរភូមិនោះដែរ, រុស្ស៊ីបានប្រើរថក្រោះប្រយុទ្ធថ្មីឈ្មោះ T-14 Armata ធ្វើការវាយប្រហារដាក់លើទីតាំងរបស់អ៊ុយក្រែន គ្រាដែលទាហាន អ៊ុយក្រែនដែលស្ថិតនាភាគខាងលិចទន្លេ Dnieper បានធ្វើការវាយលុកជាច្រើនដង ដាក់លើទាហានរុស្ស៊ីនាច្រាំងភាគខាងកើតទន្លេនៃទីក្រុង Kherson ។ សេចក្តីរាយការណ៍នៅ ថ្ងៃទី២៦ ខែមេសានេះ នៅបានដកស្រង់សម្តីរបស់អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ដែលនិយាយគម្រាមសាជាថ្មីទៀតថា «ពិភពលោកប្រហែលជាស្ថិតនៅក្បែរនឹង សង្គ្រាមថ្មីរបស់ពិភពលោក ដែលនឹងមានហានិភ័យប្រឈមគ្រោះថ្នាក់អាវុធនុយក្លេអ៊ែរ៕