(កូឡុំបូ)៖ ប្រធានាធិបតី លោក រ៉ានីល វ៉ិកក្រេម៉េស៉ីងហេ (Ranil Wickremesinghe) បានប្រាប់សភានៅថ្ងៃពុធនេះថា ស្រីលង្កាកំពុងព្យាយាមកាត់បន្ថយបំណុលសរុបរបស់ខ្លួនចំនួន ១៧ពាន់លានដុល្លារតាមរយៈការរៀបចំរចនាសម្ព័ន្ធឡើងវិញ ខណៈដែលលោកស្វែងរកការគាំទ្រពីគណបក្សប្រឆាំងសម្រាប់កម្មវិធីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជិត ៣ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។

លោក វ៉ិកក្រេម៉េស៉ីងហេ ក៏បាននិយាយផងដែរថា ស្រីលង្កាក៏កំពុងពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធបំណុលជាមួយប្រទេសឥណ្ឌា និងក្លឹបម្ចាស់បំណុលទីក្រុងប៉ារីស រួមទាំងជាមួយប្រទេសចិនផងដែរ។ បើតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាល ស្រីលង្កាជំពាក់ចិនចំនួន ៣ពាន់លានដុល្លារ ក្លឹបបារីស ២.៤ពាន់លានដុល្លារ និងឥណ្ឌា ១.៦ពាន់លានដុល្លារ។

លោក វ៉ិកក្រេម៉េស៉ីងហេ បានបន្ថែមថា នៅមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងទេ លើការរៀបចំរចនាសម្ព័ន្ធបំណុលក្នុងស្រុកនេះ។

គួរបញ្ជាក់ថា ស្រីលង្កាកំពុងជាប់គាំងក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត គិតចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ ប្រទេសកោះដែលមានប្រជាជនចំនួន ២២លាននាក់នេះ បានធានាប្រាក់កម្ចី IMF កាលពីខែមីនា៕