(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃពុធនេះ បានប្រកាសថា សមយុទ្ធយោធាប្រចាំឆ្នាំ ហាន គ័ង (Han Kuang) របស់តៃវ៉ាន់ ក្នុងឆ្នាំ២០២៣នេះ នឹងផ្តោតទៅលើកិច្ចប្រឹងប្រែងវាយទម្លុះការឡោមព័ទ្ធដែនកោះនេះ ហើយនិងការរក្សាសមត្ថភាពប្រយុទ្ធនៃកងកម្លាំងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។
ក្នុងខែមេសានេះ ចិនបានហាត់សមវាយប្រហារលើគោលដៅ ប្រៀបដូចជាស្ថិតនៅតៃវ៉ាន់ផ្ទាល់ និងហ្វឹកហាត់ដាក់ការឡោមព័ទ្ធលើដែនកោះនេះ នៅក្នុងសមយុទ្ធទ្រង់ទ្រាយធំមួយ មានរយៈពេល៣ថ្ងៃ ដែលធ្វើឡើងបន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) បានជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCathy) នៅឯទីក្រុងឡូសអាន់ជេលែស។ មុនជំនួបនោះកើតឡើង ទីក្រុងប៉េកាំងបានចេញមុខព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើអ្នកទាំងពីរជួបគ្នា។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា សមយុទ្ធយោធា ហាន គ័ង នឹងត្រូវបែងចែកចេញពី២ផ្នែកធំៗ គឺសមយុទ្ធដោយប្រើប្រាស់ទ្រឹស្តី ចាប់ពីថ្ងៃទី១៥-១៩ ខែឧសភា ហើយនិងសមយុទ្ធដោយចល័តកម្លាំងទ័ព ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ដែលនឹងរួមមានការធ្វើលំហាត់បាញ់គ្រាប់ពិតផងដែរ។ សម្រាប់ការផ្តោតសំខាន់នៃសមយុទ្ធយោធានេះ គឺនឹងផ្តោតលើការរក្សាកម្លាំងទ័ព និងការវាយបំបែកសកម្មភាពឡោមព័ទ្ធ។
គួរបញ្ជាក់ថា ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន គឺមិនដែលធ្លាប់បោះបង់ចោលជម្រើសប្រើប្រាស់យោធាដើម្បីបង្រួបបង្រួមគ្នាវិញ ជាមួយដែនកោះនេះឡើយ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនការដាក់សម្ពាធផ្នែកយោធាជាខ្លាំងទៅលើកោះតៃវ៉ាន់៕