(ស្តុកខុល)៖ ទីភ្នាក់ងារអវកាសរបស់ស៊ុយអែត Sweden Space Corp (SSC) បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រ៉ុក្កែតស្រាវជ្រាវមួយគ្រាប់ ដែលខ្លួនបានបាញ់ចេញពីមជ្ឈមណ្ឌលអវកាស អេសស្រេង (Esrange Space Center) នៅភាគខាងជើងប្រទេសស៊ុយអែត បានជួបបញ្ហាហើយធ្លាក់ចូល១៥គីឡូម៉ែត្រ ទៅក្នុងទឹកដីប្រទេសន័រវែស ដែលនៅក្បែរគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។
ទីភ្នាក់ងារ SSC បាននិយាយថា រ៉ុក្កែតខាងលើបានហោះឡើងដល់រយៈកម្ពស់២៥០គីឡូម៉ែត្រ ជាទីដែលការងារពិសោធផ្សេងៗ ត្រូវបានធ្វើឡើង ក្នុងស្ថានភាពមិនមានកម្លាំងទំនាញរបស់ផែនដី។ បើតាមអ្នកនាំពាក្យ SSC វាបានធ្លាក់ចំតំបន់ជួរភ្នំនៅកម្ពស់១,០០០ម៉ែត្រ និងស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រ ពីតំបន់ដែលមានមនុស្សរស់នៅកៀកបំផុត។ ទីភ្នាក់ងារ SSC បានបន្តថា ការងារដើម្បីទៅយករ៉ុក្កែតនោះមកវិញ កំពុងតែប្រព្រឹត្តទៅ ហើយការស៉ើបអង្កេតក៏កំពុងត្រូវធ្វើឡើង ដើម្បីកំណត់ពីបញ្ហាបច្ចេកទេស ដែលបានកើតឡើងផងដែរ។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសន័រវែស បាននិយាយថា អាជ្ញាធរន័រវែសយកចិត្តទុកដាក់ជាខ្លាំង ចំពោះសកម្មភាពមិនមានការអនុញ្ញាតណាមួយ នៅក្នុងព្រំប្រទល់របស់ប្រទេសន័រវែស។ ក្នុងករណីមានការបំពានព្រំដែន អ្នកដែលទទួលខុសត្រូវគួរជូនដំណឹងភ្លាមៗមកកាន់អាជ្ញាធរន័រវែស រួមមានទាំងក្រសួងការបរទេស ហើយតាមរយៈច្រកទាក់ទងត្រឹមត្រូវ។ ក្រសួងការបរទេសន័រវែស មិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការណាមួយ អំពីឧប្បត្តិហេតុខាងលើពីអាជ្ញាធរស៊ុយអែតនៅឡើយទេ។
គួរបញ្ជាក់ថា យោងតាមអ្នកនាំពាក្យខាងលើ ការងារនៅក្នុងទឹកដីន័រវែស ដើម្បីប្រមូលយកវត្ថុដែលធ្លាក់ណាមួយ ចាំបាច់ត្រូវមានការយល់ព្រមជាមុនពីខាងស៊ុយអែត។ ក្រសួងការបរទេសន័រវែសថា ខ្លួនមិនទាន់ដឹងថា មានការខូចខាតដែលបង្កឡើងពី ការធ្លាក់រ៉ុក្កែតរបស់ស៊ុយអែតដែរឬយ៉ាងណាទេ៕