(មូស្គូ)៖ ប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរបស់ប្រទេសរុស្ស៉ី លោក យីវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) បានឲ្យដឹងថា ក្រុម Wagner កំពុងធ្វើយុទ្ធនាការដើរល្បាតព្រៃ នៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាហ្រ្វិក ដើម្បីបោសសំអាតក្រុមភេរវករ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។
លោក ព្រីហ្គូហ្ស៉ីន បានប្រាប់គេហទំព័ត៌ផ្សាយជាភាសាអង់គ្លេសមួយ យ៉ាងដូច្នេះថា «ខ្ញុំពិតជាជាប់ពាក់ព័ន្ធនឹងទ្វីបនេះ។យើងនៅអាហ្វ្រិកដើម្បីការពារអ្នកដែលស្នើសុំជំនួយពីយើង ដើម្បីការពារជនស៊ីវិល និងផលប្រយោជន៍ជាតិរបស់ពួកគេ ពីក្រុមភេរវករ និងចោព្រៃ ដែលខ្លះមិនមានដើមកំណើតពីទ្វីបអាហ្រ្វិកទាល់តែសោះ។ នេះធ្វើឡើងតាមរយៈមូលនិធិដែលខ្ញុំរកបានក្នុងនាមជាអ្នកជំនួញ»។
លោក ព្រីហ្គូហ្ស៉ីន បានចោទប្រកាន់ថា អ្វីទាំងអស់នេះកើតចេញពីបារាំង និងសហរដ្ឋអាមេរិកដែលបរាជ័យ ក្នុងការកម្ចាត់ក្រុមសកម្មប្រយុទ្ធ និងភេរវករទូទាំងពិភពលោក ដោយសារតែខ្វះឆន្ទៈ។
គួរបញ្ជាក់ថា ជុំវិញការអះអាងអំពីការស្លាប់ជនស៊ីវិលដែលបង្កឡើងក្រុម Wagner នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី ប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរូបនេះ បានច្រានចោលដោយចាត់ទុកថា វាជារឿងក្លែងក្លាយមួយរយភាគរយ៕