(កង់បេរ៉ា)៖ អូស្រ្តាលីដែលបច្ចុប្បន្ននាំចូលមីស៉ីលពីក្រៅប្រទេស ភាគច្រើនពីសហរដ្ឋអាមេរិកនោះ បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹង​ចាប់ផ្តើមការផលិតមីស៉ីល នៅក្នុងប្រទេសផ្ទាល់ឱ្យបាននៅត្រឹមឆ្នាំ២០២៥ ដែលជារយៈពេល២ឆ្នាំលឿនជាងការរំពឹងទុក។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តារាងពេលវេលាសម្រាប់ការ​​​ចាប់ផ្តើមផលិតមីស៉ីលនៅក្នុងស្រុក ដែលដំបូងឡើយត្រូវបានកំណត់សម្រាប់ឆ្នាំ២០២៧នោះ នឹងត្រូវពន្លឿនមកត្រឹមរយៈពេល២ឆ្នាំខាងមុខ​វិញ តាមរយៈការបែងចែកថវិកាចំនួន២.៥ពាន់លានដុល្លារអូស្រ្តាលី (១.៦ពាន់លានដុល្លារអាមេរិក) ទៅក្នុងគម្រោងនេះ។

បើតាមលោក ម៉ាល ថវិកាចំនួន១.៦ពាន់លានដុល្លារអូស្រ្តាលីទៀត (១.០៦ពាន់លានដុល្លារអាមេរិក) នឹងត្រូវចំណាយទៅលើការទិញ​ប្រព័ន្ធវាយប្រហារចម្ងាយឆ្ងាយពីក្រៅប្រទេស ក្នុងរយៈពេល២ឆ្នាំខាងមុខ។ លោករដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី បាននិយាយថា ​រដ្ឋាភិបាលកំពុងស្ថិតក្នុងកិច្ចពិភាក្សារួចជាស្រេច ជាមួយក្រុមហ៊ុនផលិតមីស៉ីលដូចជា Raytheon និង Lockheed របស់អាមេរិក ស្តីពីការបង្កើតរោងចក្រផលិតមីស៉ីលនៅក្នុងប្រទេសអូស្រ្តាលី។ ជាមួយគ្នានេះ ក៏មានកិច្ចពិភាក្សាជាមួយក្រុមហ៊ុនស៊ុយអែត Kongsberg ដែលជាអ្នកផលិតមីស៉ីល Naval Strike Missile ដែលអូស្រ្តាលីបានយល់ព្រមទិញ នាពេលកន្លងមកផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ អូស្រ្តាលីបានប្រកាសពីផែនការធ្វើកំណែទម្រង់វិស័យយោធាដ៏ធំបំផុតមួយរបស់ខ្លួន ដោយនឹង​ផ្លាស់ប្តូរការផ្តោត នៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ទៅលើសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ។ នាពេលនោះ លោក ម៉ាល បាន​លើកឡើងថា ដើម្បីអាចសម្រេចបាន នូវកំណែទម្រង់វិស័យយោធា កងកម្លាំងការពារជាតិអូស្ត្រាលី នឹងពង្រឹងសមត្ថភាពវាយប្រហារ ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ទាំងបច្ចេកវិទ្យាបាញ់ចេញពីអាកាស និងដីគោក ខណៈទីក្រុងកង់បេរ៉ានឹងទទួលបាន នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅពេលអនាគត នៅក្រោមសម្ព័ន្ធភាព AUKUS៕