(មូស្គូ)៖ វិមានក្រឹមឡាំងបានចេញមុខច្រានចោល នូវអ្វីដែលខ្លួនចាត់ទុកជាពាក្យភូតកុហក ដែលថាប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌូមៀ ពូទីន មានបុគ្គលដែលមានមុខមាត់ស្រដៀងគ្នា សម្រាប់ដើរតួជំនួសមេដឹកនាំវ័យ៧០រូបនេះ និងថារូបលោកបានចំណាយពេលភាគច្រើន ស្ថិតក្នុងលេណដ្ឋាននុយក្លេអ៊ែរ ដើម្បីការពារខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយដូច្នេះថា «អ្នកទាំងអស់គ្នាប្រហែលធ្លាប់លឺហើយថា លោក ពូទីន មានបុគ្គលដែលមានមុខមាត់ស្រដៀងលោកជាច្រើន ដែលដើរតួជំនួសខណៈលោកសំងំខ្លួនក្នុងលេណដ្ឋាន។ វាគឺជាពាក្យភូតកុហកសុទ្ធសាធ។ លោក ពូទីន មានថាមពលមាំមួន និងសុខភាពរឹងមាំ ហើយលោកមិនបានអង្គុយសំងំនៅក្នុងលេណដ្ឋានណាមួយឡើយ»។ វិមានក្រឹមឡាំងធ្លាប់បានចេញមុខទាត់ចោលជាច្រើនលើក នូវការសង្ស័យថាលោក ពូទីន ដែលជាមេដឹកនាំរុស្ស៉ីចាប់តាំងពីឆ្នាំ១៩៩៩មក បានធ្លាក់ខ្លួនឈឺ។
អំលុងទស្សនកិច្ចផ្លូវរដ្ឋមកកាន់ទីក្រុងមូស្គូកាលពីខែមីនា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រាប់លោក ពូទីន ថា រូបលោកជឿថា ប្រជាជនរុស្ស៉ីនឹងបន្តគាំទ្រលោក ពូទីន ជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៉ី ដែលត្រូវធ្វើឡើងនៅឆ្នាំ២០២៤។ យ៉ាងណាមិញ លោក ពូទីន ផ្ទាល់ មិនទាន់បាននិយាយនៅឡើយទេថា តើលោកនឹងស្វែងរកការកាន់អំណាចបន្តទៀតឬយ៉ាងណា។
គួរបញ្ជាក់ថា នៅពេលឡើងកាន់អំណាចដំបូង លោក ពូទីន បានប្តេជ្ញាបញ្ចប់ភាពវឹកវរដែលបានញាំញីប្រទេសរុស្ស៉ី ក្រោយសម័យសូវៀតកាលពីអំលុងទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន គឺជាវិបត្តិយោធាដ៏ធ្ងន់ធ្ងរបំផុត ដែលរូបលោកបានប្រឈមគិតចាប់តាំងពីសង្រ្គាមសូវៀត-អាហ្វហ្កានីស្ថាន ឆ្នាំ១៩៧៩-១៩៨៩។ វិបត្តិអ៊ុយក្រែនបានរុញច្រានរុស្ស៉ីឱ្យស្ថិតក្រោមការប្រឈមមុខគ្នាដ៏តានតឹងបំផុតជាមួយលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២ ហើយលោក ពូទីន បានប្តេជ្ញាថា នឹងងាកចេញពីលោកខាងលិច ដើម្បីឆ្ពោះទៅរកចិនឱ្យកាន់តែខ្លាំងវិញ៕