(តូក្យូ)៖ ក្រុមហ៊ុនជប៉ុន ispace បានប្រកាសថា ការព្យាយាមរបស់ខ្លួន ក្នុងការចុះចតយានរ៉ូបូតឈ្មោះថា Hakuto-R M1 ទៅលើផ្ទៃព្រះចន្ទ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ គឺទទួលបរាជ័យ ដោយការទាក់ទងបានដាច់ ហើយយានរ៉ូបូតនោះទំនងជាបានធ្លាក់ទៅបុក ផ្ទៃព្រះចន្ទពេញទំហឹងតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។
លោក តាកេស៉ិ ហាកាម៉ាដា (Takeshi Hakamada) ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិ ispace បាននិយាយយ៉ាងដូច្នេះថា «យើងបានដាច់ការទាក់ទងជាមួយ យានរបស់យើង ដូច្នេះយើងមានតែសន្និដ្ឋានថា យើងមិនអាចសម្រេចបាន ការចុះចតដោយជោគជ័យនៅលើឋានព្រះចន្ទទេ»។ ប្រសិនបើកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន ispace ទទួលបានជោគជ័យវិញនោះ វានឹងជាលើកដំបូងបំផុត ដ្បិតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនឯកជនណា បាននាំយកយានរ៉ូបូតទៅដល់លើផ្ទៃះព្រះចន្ទ ដោយសុវត្ថិភាពនៅឡើយទេ។
គួរបញ្ជាក់ថា យាន Hakuto-R M1 ត្រូវបានបញ្ជូនចេញពីផែនដី តាមរយៈរ៉ុក្កែតរបស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX កាលពីចុងឆ្នាំមុន ហើយបានទៅដល់ក្បែរឋានព្រះចន្ទ កាលពីខែមីនា។ មានតែសហរដ្ឋអាមេរិក អតីតសហភាពសូវៀត (រុស្ស៉ី) និងចិនប៉ុណ្ណោះ ដែលធ្លាប់ចុះចតយានរ៉ូបូត ដោយជោគជ័យទៅកាន់ទីនោះ នៅក្រោមកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាល ខណៈការព្យាយាមប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយរដ្ឋាភិបាលឥណ្ឌានិងដោយក្រុមហ៊ុនឯកជនមួយរបស់អ៉ីស្រាអែល ដើម្បីធ្វើយ៉ាងដូច្នោះ គឺបានបញ្ចប់ទៅដោយភាពបរាជ័យ ដូចជាក្រុមហ៊ុន ispace ដែរ៕