(ចូហាន់ណេស្បឺក)៖ ការិយាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា អាហ្រ្វិកខាងត្បូងមិនមានគម្រោង ដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដូចដែលបានស្នើឡើងដោយលោកប្រធានាធិបតី ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) នោះទេ ដោយលើកឡើងពីបញ្ហាទំនាក់ទំនងក្នុងគណបក្ស ANC ដែលកំពុងកាន់អំណាច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។

កាលពីដំបូងឡើយ លោក រ៉ាម៉ាហ្វូសា បាននិយាយថា គណបក្សកាន់អំណាចអាហ្វ្រិកខាងត្បូង បានសម្រេចចិត្តដកខ្លួនចេញពីតុលាការ ICC ដែលបានចេញដីកាចាប់ខ្លួន លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន កាលពីខែមីនាកន្លងទៅ។ ប៉ុន្តែ ការិយាល័យរបស់លោកបានចេញមកបញ្ជាក់យ៉ាងច្បាស់ឡើងវិញតាមសេចក្តីថ្លែងការណ៍មួយថា «អាហ្វ្រិកខាងត្បូងនៅតែជាប្រទេសហត្ថលេខីរបស់ ICC។

គួរបញ្ជាក់ថា តុលាការ ICC បានចេញដីកាចាប់ខ្លួន លោក ពូទីន នៅក្នុងខែមីនា ដែលមានន័យថា អាហ្វ្រិកខាងត្បូង ដែលគ្រោងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៃដែលរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង នៅឆ្នាំ២០២៣នេះ នឹងតម្រូវឲ្យមានការចាប់ខ្លួនលោក ពូទីន បញ្ជូនឱ្យ ICC៕