(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ការវាយប្រហារតាមផ្លូវគោកមួយដោយក្រុមតាលីបង់ បានសម្លាប់ជនសកម្មប្រយុទ្ធ ISIS ម្នាក់ដែលជា មេគំនិត និងធ្លាប់ដឹកនាំការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីខែសីហា ឆ្នាំ២០២១ នៅឯអាកាសយានដ្ឋានកាប៊ុល បណ្តាលឲ្យទាហានអាមេរិក ១៣នាក់ និងជនជាតិអាហ្វហ្កានីស្ថាន ប្រហែល ១៧០នាក់ស្លាប់ អំឡុងពេលមានភាពចលាចលជុំវិញការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។

ដំបូងឡើយ ទាំងអាមេរិក ឬក្រុមតាលីបង់ មិនបានដឹងថាមេក្លោងរូបនេះស្លាប់ទេ។ ក្រុមមន្រ្តីអាមេរិក បាននិយាយថា មេក្លោងរូបនេះត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការប្រយុទ្ធជា បន្តបន្ទាប់រវាងក្រុមតាលីបង់ និងសាខារបស់ក្រុមសកម្មប្រយុទ្ធ ISIS កាលពីដើមខែមេសានេះ នៅភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន។ ទើបតែក្នុងរយៈពេល ប៉ុន្មានថ្ងៃកន្លង មកនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានបញ្ជាក់យ៉ាងច្បាស់ពីការស្លាប់មេដឹកនាំក្រុមនេះ។

កាលពីចុងសប្តាហ៍កន្លងមកនេះ យោធាអាមេរិកបានចាប់ផ្តើមជូនដំណឹងខាងលើដល់ក្រុមគ្រួសារនៃទាហានម៉ារីន ទាហានជើងទឹក និងទាហាន ១១នាក់ ដែលត្រូវបានសម្លាប់ ក្នុងការបំផ្ទុះនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។

គួរបញ្ជាក់ថា ក្រុម​សកម្មប្រយុទ្ធ ISIS-K នៅអាហ្វហ្កានីស្ថាន មាន​សមាជិក​រហូត​ដល់​ទៅ ៤,០០០នាក់ និង​ជា​សត្រូវ​ដ៏ធំបំផុតមួយ​របស់​ក្រុម​តាលីបង់។ ក្រុមនេះបានបន្តធ្វើ ការវាយប្រហារនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ចាប់តាំងពីការកាន់កាប់របស់ក្រុមតាលីបង់ ជាពិសេសប្រឆាំងនឹងក្រុមជនជាតិភាគតិច៕