(ម៉ានីល)៖ កងទ័ពអាមេរិក និងហ្វីលីពីន នៅថ្ងៃពុធនេះបានហាត់សមវាយប្រហារដោយបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ពន្លិចនាវាចម្បាំងមួយគ្រឿងតំណាងឱ្យនាវាចម្បាំងរបស់ សត្រូវ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ក្នុងថ្ងៃចុងក្រោយនៃការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមិនធ្លាប់មានរវាងសម្ព័ន្ធមិត្តទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។

នេះគឺជាលើកដំបូងបំផុត ដែលកងទ័ពអាមេរិក និងហ្វីលីពីន ដឹកនាំសមយុទ្ធយោធាបាញ់គ្រាប់ពិត ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ជាទីដែលចិនអះអាងពីអធិបតេយ្យស្ទើរតែ ទាំងស្រុង។ សមយុទ្ធយោធានេះបានប្រព្រឹត្តទៅដោយមានការចូលរួមទស្សនាដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅឯវេទិការៀបចំ ឡើងនៅឯភាគខាងជើងនៃទីក្រុងម៉ានីល។

សមយុទ្ធយោធាបាញ់គ្រាប់ពិតខាងលើបានចាប់ផ្ដើមជាមួយការបាញ់គ្រាប់ក្កែតជាច្រើនគ្រាប់ ចេញពីប្រព័ន្ធមីស៊ីល HIMARS តម្រង់ទៅកាន់នាវាចម្បាំងឈប់ប្រើមួយគ្រឿងរបស់ កងនាវាហ្វីលីពីន នៅចម្ងាយ ២២គីឡូម៉ែត្រពីតំបន់ឆ្នេរ។ នាវាចម្បាំងឈប់ប្រើនេះត្រូវបានដាក់ឱ្យធ្វើជាតំណាងនាវាចម្បាំងរបស់សត្រូវដែលធ្វើដំណើរចូលមកក្បែរតំបន់ឆ្នេរ ហ្វីលីពីន។

គួរបញ្ជាក់ថា សមយុទ្ធយោធារវាងកងទ័ពអាមេរិក និងហ្វីលីពីន មានឈ្មោះថា បាលីកាតាន់ (Balikatan) ដែលមានន័យជាភាសាហ្វីលីពីនថា «ប្រកៀកស្មា» បានធ្វើឡើងតាំងតែ ពីថ្ងៃទី១១ ខែមេសា មកម្ល៉េះ និងត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីនបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចនឹងចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនចំនួន៤បន្ថែម ខណៈ ទីក្រុងប៉េកាំងចោទថាសហរដ្ឋអាមេរិកកំពុងបំផ្លាញសន្តិភាពក្នុងតំបន់ ក៏ដូចជាកំពុងព្យាយាមបំបែកបំបាក់រវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង៕