(សិង្ហបុរី)៖ អាជ្ញាធរនៅក្នុងប្រទេសសិង្ហបុរី បានឱ្យដឹងនៅថ្ងៃពុធនេះថាអ្នកទោសម្នាក់ដែលត្រូវបានផ្ដន្ទាទោសពីបទសមគំនិតជួញដូរកញ្ឆាទម្ងន់១គីឡូក្រាម ត្រូវបានប្រហារជីវិត ដោយព្យួរកហើយ បើទោះជាមានការអំពាវនាវពីអន្តរជាតិឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះឱ្យលុបចោលការកាត់ប្រហារជីវិតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យម្នាក់នៃពន្ធនាគារសិង្ហបុរី បានប្រាប់ AFP យ៉ាងខ្លីដូច្នេះថា «ជនជាតិសិង្ហបុរីឈ្មោះ តាន់ហ្ការ៉ាជូ ស៊ូបពីយ៉ាស់ (Tangaraju Suppiah) មានអាយុ៤៦ឆ្នាំ ត្រូវបានប្រហារជីវិតដោយព្យួរក នៅថ្ងៃនេះ (ថ្ងៃពុធ ទី២៦ ខែមេសា) នៅឯពន្ធនាគារ Changi»

ការកាត់ទោសប្រហារជីវិតដោយព្យួរកអ្នកទោសជាបុរសម្នាក់មានឈ្មោះ តាន់ហ្ការ៉ាជូ ស៊ូបពីយ៉ាស់ (Tangaraju Suppiah) ត្រូវបានធ្វើបានធ្វើឡើងតាមកាលកំណត់ បើទោះជា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសសិង្ហបុរី បានអំពាវនាវឱ្យមានផ្អាក និងពិចារណាឡើងវិញជាបន្ទាន់លើការប្រហារជីវិត រួមទាំងការអំពាវនាវ របស់មហាសេដ្ឋីអង់គ្លេសម្នាក់គឺលោក Richard Branson ដែលស្នើឱ្យលុបចោលការប្រហារជីវិត ដោយសង្កត់ធ្ងន់ថាសង្ហបុរីអាចនឹងសម្លាប់បុរសស្លូតត្រង់គ្មានទោសកំហុស ម្នាក់។ ប៉ុន្តែ ខាងក្រសួងមហាផ្ទៃសិង្ហបុរី បានចាត់ទុកថាការលើកឡើងរបស់លោក Richard Branson បានបង្ហាញការមិនគោរពដល់ចៅក្រម និងប្រព័ន្ធតុលាការសិង្ហបុរី។

គួរបញ្ជាក់ថា អ្នកទោសឈ្មោះ តាន់ហ្ការ៉ាជូ ស៊ូបពីយ៉ាស់ (Tangaraju Suppiah) ត្រូវបានតុលាការសិង្ហបុរីផ្តន្ទាទោសកាលពីឆ្នាំ២០១៧ ពីសមគំនិតជួញដូរកញ្ឆាមានទម្ងន់ជាង ១គីឡូក្រាម ហើយទម្ងន់នេះគ្រប់គ្រាន់សម្រាប់ការផ្តន្ទាទោសប្រហារជីវិតក្រោមច្បាប់សិង្ហបុរី។ រហូតដល់ឆ្នាំ២០១៨ ទើបបុរសម្នាក់នេះត្រូវបានផ្តន្ទាទោសប្រហារជីវិត ហើយ តុលាការឧទ្ធរណ៍នៅតែតម្កល់ទុកសាលក្រមនេះដដែល៕