(ព្រីតូរីយ៉ា)៖ លោកប្រធានាធិបតី Cyril Ramaphosa បាននិយាយកាលពីថ្ងៃអង្គារ (២៥ មេសា) ថា គណបក្សសភាជាតិអាហ្វ្រិកដែលកំពុងកាន់អំណាចរបស់លោក បានសម្រេចថា អាហ្រ្វិកខាងត្បូងគួរតែដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលកាលពីខែមុនបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន លោក ពូទីន ក្នុងខែមីនា ដែលមានន័យថា ទីក្រុងព្រីតូរីយ៉ា ដែលគ្រោងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃប្លុកប្រេស៊ីល-រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង (BRICS) នៅឆ្នាំនេះ នឹងតម្រូវត្រូវចាប់ខ្លួនលោក ពូទីន នៅពេលមកដល់។
លោក Ramaphosa បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់ថា «បាទ គណបក្សកាន់អំណាច ... បានទទួលយកការសម្រេចចិត្តថា វាជាការឆ្លាតវៃសម្រាប់អាហ្វ្រិកខាងត្បូងក្នុងការដកខ្លួនចេញពី ICC»។
លោក Ramaphosa បាននិយាយថា ការសម្រេចចិត្តនេះដែលបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំចុងសប្តាហ៍របស់គណបក្សក្នុងមតិភាគច្រើន ដោយសារតែអ្វីដែលត្រូវបានគេមើលឃើញថា មានអំពើអយុត្តិធម៌របស់តុលាការចំពោះប្រទេសមួយចំនួន។
លោកបានមានប្រសាសន៍ថា «យើងចង់ឱ្យបញ្ហានៃការប្រព្រឹត្តអយុត្តិធម៌ត្រូវបានពិភាក្សាឱ្យបានល្អ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ គណបក្សកាន់អំណាចបានសម្រេចចិត្តម្តងទៀតថាគួរតែដកខ្លួនចេញ»។
គួរបញ្ជាក់ថា ដីកាចាប់ខ្លួន លោក ពូទីន ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា វិមានក្រឹមឡាំង បាននិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។
ទាក់ទងនឹងថាតើអាហ្រ្វិកខាងត្បូងនឹងចាប់ខ្លួនលោកពូទីនឬយ៉ាងណានោះ លោក Ramaphosa បាននិយាយថា «បញ្ហានេះកំពុងស្ថិតក្រោមការពិចារណា»។ ទោះជាយ៉ាងណា អគ្គលេខាធិការបក្ សលោក Fikile Mbalula បានប្រកាសមុននេះថា «លោក ពូទីន អាចមកប្រទេសនេះពេលណាក៏បាន»។
លោក Mbalula បានប្រាប់សន្និសីទសារព័ត៌មានដាច់ដោយឡែកមួយថា «តុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះមិនបម្រើផលប្រយោជន៍របស់មនុស្សទាំងអស់នោះទេ ប៉ុន្តែសម្រាប់តែមនុស្សមួយចំនួនប៉ុណ្ណោះ»៕