(ខាទូម)៖ ប្រទេសស៊ូដង់ខាងត្បូងបានបញ្ជាក់កាលពីល្ងាចថ្ងៃចន្ទថា ខ្លួនបានទទួលជនស៊ីវិលជាង ១០,០០០នាក់ ដែលត្រូវបានភៀសខ្លួនដោយសារជម្លោះនៅក្នុងប្រទេសស៊ូដង់ជិតខាង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៥ ខែមេសា​ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក Deng Dau Deng បាននិយាយថា ភាគច្រើននៃអ្នកភៀសខ្លួន គឺជាជនជាតិស៊ូដង់ខាងត្បូងខ្លួនឯង ខណៈអ្នកផ្សេងទៀតរួមមាន ស៊ូដង់ កេនយ៉ា អ៊ូហ្គង់ដា អេរីទ្រា និងសូម៉ាលី។

លោក Deng បាននិយាយថា «នៅប្រទេសស៊ូដង់ខាងត្បូង រដ្ឋាភិបាលកំពុងធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចរបស់ខ្លួន ដើម្បីទទួលពលរដ្ឋស៊ូដង់ខាងត្បូង ដែលកំពុងវិលត្រឡប់មកប្រទេសវិញ។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះមនុស្សជាង​ ១០,០០០នាក់បានមកដល់ទីក្រុង Renk រួមទាំងជនជាតិនៃប្រទេសជិតខាងមួយចំនួនផងដែរ»

រឿងនេះបានកើតឡើងបន្ទាប់ពីលោក Abdel Fattah al-Burhan មេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងគូប្រជែងរបស់គាត់គឺលោក Mohamed Hamdan Dagalo មេបញ្ជាការកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់រយៈពេលបីថ្ងៃ៕