(អង់ការា)៖ ប្រភពសន្តិសុខបាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលីស​តួ​ក​គី​បាន​ឃាត់ខ្លួន​មនុស្ស​១១០​នាក់​ ក្រោមបទ​ចោទប្រកាន់​ថា​ មានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមសកម្មប្រយុទ្ធជនជាតិឃឺដ ដោយក្នុងនោះមានទាំងអ្នកនយោបាយ មេធាវី និងអ្នកកាសែត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ​ ទី២៥​ ខែមេសា ឆ្នាំ២០២៣។

ប្រភពសន្តិសុខបាននិយាយថា ប្រតិបត្តិការនេះផ្តោតលើទីក្រុង Diyarbakir ដែលជាទីក្រុងធំជាងគេនៅភាគអាគ្នេយ៍នៃប្រទេសតួកគី ដែលមានជនជាតិឃឺដរស់នៅ ហើយបានពង្រីកដល់ ២១ខេត្ត ដោយកំណត់គោលដៅលើមនុស្សដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់។

ប្រតិបត្តិការនេះកើតឡើងតិចជាងបីសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតី និងសភា ដែលជាការប្រកួតប្រជែងការបោះឆ្នោតដ៏ធំបំផុត ដែលប្រធានាធិបតី លោក Tayyip Erdogan បានជួបប្រទះចាប់តាំងពីគណបក្ស AK របស់លោក បានឡើងកាន់អំណាចជាលើកដំបូងក្នុងឆ្នាំ២០០២។

លោក Tayip Temel សមាជិកសភាគណបក្សប្រជាធិបតេយ្យប្រជាមានិត (HDP) បាននិយាយនៅលើ Twitter ថា «នៅមុនការបោះឆ្នោត ដោយសារការភ័យខ្លាចនៃការបាត់បង់អំណាច ពួកគេបានងាកទៅរកប្រតិបត្តិការចាប់ខ្លួនម្តងទៀត»។

លោកបាននិយាយថា អ្នកនយោបាយរាប់សិបនាក់ រួមទាំងសមាជិកកំពូលនៃគណបក្សរបស់លោក អ្នកកាសែត សិល្បករ និងមេធាវី ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួននៅទីក្រុង Diyarbakir កាលពីព្រឹកថ្ងៃអង្គារ៕