(ប៉ារីស)៖ សំណើទាំង១២ចំណុចស្វែងរកសន្តិភាពរបស់ប្រទេសចិន បានចែងក្នុងខទី១ដំបូងថាគោរពនូវដែនអធិបតេយ្យភាពរបស់បណ្តាប្រទេសទាំងអស់។ ពាក់ព័ន្ធនឹង ចំណុចនេះ មន្ត្រីទូតចិន លោក Lu Shaye ប្រចាំប្រទេសបារាំងបានថ្លែងកាលពីសប្តាហ៍មុនដោយបង្កប់ភាពមិនច្បាស់ លាស់និយាយបង្ហាញថាទឹកដីមួយចំនួនដែលធ្លាប់ជា ទឹកដីគ្រប់គ្រងដោយអតីតសហភាពសូវៀត កាលពីអតីតកាលមិនទាន់មានលក្ខន្តិកៈទទួលស្គាល់ត្រឹមត្រូវតាមច្បាប់អន្តរជាតិនោះឡើយ។ សម្តីរបស់ឯកអគ្គរដ្ឋទូតចិន រូបនោះ បានបង្កឱ្យការខឹងសម្បារពីប្រទេសមួយចំនួន ដែលធ្លាប់ស្ថិតក្នុងរង្វង់ការគ្រប់គ្រងរបស់អតីតសហភាពសូវៀត។

ដែនអធិបតេយ្យភាពរបស់អតីតសហភាពសូវៀត ក្នុងសម័យអតីតកាលរួមមានទឹកដីផ្តាច់ខ្លួនរបស់ប្រទេសជាច្រើនដូចជាប្រទេសហ្សកហ្ស៊ី, អ៊ុយក្រែន, ម៉ុលដាវី, បេឡារុស, អាម៉េនី, អាស៊ែរបៃហ្សង់, កាហ្សាក់ស្ថាន, អ៊ូសបេគីស្ថាន, តួកម៉េនីស្ថាន, កៀហ្ស៉ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន។ ក្រសួងការបរទេសចិន បានប្រញាប់ចេញសេចក្តីថ្លែងការណ៍ មួយវិញក្នុងសប្តាហ៍នេះដើម្បីសម្រួលស្ថានការណ៍។

ក្រសួងការបរទេសចិន បានថ្លែងក្នុងសប្តាហ៍នេះបញ្ជាក់ថា ចិនគោរព «ឋានៈរដ្ឋអធិបតេយ្យ» នៃបណ្តាប្រទេសរបស់អតីតសហភាពសូវៀតទាំងអស់ ដែលសម្តីបញ្ជាក់ នេះគឺ បន្ទាប់ពីសម្តីរបស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសបារាំង លោក Lu Shaye បង្កឱ្យមានការខឹងសម្បារជាខ្លាំងដល់ប្រទេសនៅសហភាពអឺរ៉ុប។ ស្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃទី២៤ ខែមេសា ថា «ប្រទេសចិនគោរពឋានៈរដ្ឋអធិបតេយ្យ នៃសាធារណរដ្ឋ ដែលចូលរួម បន្ទាប់ពីការរំលាយសហភាពសូវៀត»។ ការបញ្ជាក់នូវជំហររបស់ក្រសួងការបរទេសប្រទេសចិន កាលពីថ្ងៃចន្ទកន្លងមកនេះ គឺនៅបន្ទាប់ពីឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសបារាំង លោក Lu Shaye ដែល បានបង្កឱ្យមានការខឹងសម្បារដល់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត បន្ទាប់ពីលោកបានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ ក្រុមសារព័ត៌មានថា ប្រទេសដែលកើតចេញក្រោយការដួលរលំនៃសហភាពសូវៀត «មិនមានឋានៈមានប្រសិទ្ធភាពក្រោមច្បាប់អន្តរជាតិទេ ពីព្រោះមិនមានកិច្ចព្រមព្រៀង អន្តរជាតិបញ្ជាក់ពីឋានៈរបស់ពួកគេជារដ្ឋអធិបតេយ្យ» នោះឡើយ។

ដែនអធិបតេយ្យភាពរបស់អតីតសហភាពសូវៀតក្នុងសម័យអតីតកាលរួមមានទឹកដីផ្តាច់ខ្លួន របស់ប្រទេសជាច្រើន ដូចជាប្រទេសហ្សកហ្ស៊ី, អ៊ុយក្រែន, ម៉ុលដាវី, បេឡារុស, អាម៉េនី, អាស៊ែរបៃហ្សង់, កាហ្សាក់ស្ថាន, អ៊ូសបេគីស្ថាន, តួកម៉េនីស្ថាន,កៀហ្ស៊ីស៉ីស្ថាន និងតាហ្ស៊ីគីស្ថាន។ ទឹកដីនៃប្រទេសអ៊ុយក្រែនបានប្រកាសជារដ្ឋឯករាជ្យកាល ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩១ ក្រោយការដួលរំលំនៃអតីតសហភាពសូវៀតនាជំនាន់នោះ។ លោក Lu Shaye បាននិយាយបង្ហាញថាសាធារណរដ្ឋដែលបានកើតឡើង ក្រោយការដួលរលំរបស់អតីតសហភាពសូវៀតនោះ មិនមានភាពរឹងមាំលើផ្លូវច្បាប់អន្តរជាតិនោះឡើយ។ សម្តីអះអាងនោះហើយ បានធ្វើឱ្យមានប្រតិកម្មក្នុងសហគមន៍អឺរ៉ុប ជាពិសេសក្តីបារម្ភខ្លាចក្រែង សម្តីរបស់មន្ត្រីការទូតចិននោះ គឺជាជំហរនយោបាយការបរទេសចិន ដែលប្រទេសក្នុងសហគមន៍ក្នុងអឺរ៉ុបដូចជាប្រទេសបារាំងនោះជាដើម កំពុងចង់ជំរុញប្រទេសចិនក្នុងការដើរតួនាទី ជាប្រទេសសម្របសម្រូលរកការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញនូវសំណើ ១២ចំណុចស្វែងរកសន្តិភាពលើទឹកដីអ៊ុយក្រែន ដែលក្នុងនោះ ខទី១ដំបូងនៃចំណុចស្វែងរកសន្តិភាពបាននិយាយថា «គោរពនូវដែនអធិបតេយ្យភាព របស់បណ្តាប្រទេសទាំងអស់»

បើសិនជាចិននឹងប្រកាន់យកការគោរពដែនអធិបតេយ្យភាព រុស្ស៊ីដោយការភ្ជាប់លើដែនដីធ្លាប់មានតាំងពីអតីតកាលនោះ ការស្វែងរកសន្តិភាពដើម្បីការបញ្ចប់សង្គ្រាមនឹង មិនអាចធ្វើទៅបានឡើយ។ ហេតុដូច្នេះហើយ បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប បានប្រញាប់បញ្ចេញប្រតិកម្មដើម្បីចង់ឱ្យចិនបញ្ជាក់នូវគោលជំហរនយោបាយការ បរទេសពិតប្រាកដរបស់ខ្លួន។ ក្រសួងការបរទេសបារាំង បានថ្លែងថា គេបានដឹងអំពីសម្តីគួរឱ្យព្រួយបារម្ភពាក់ព័ន្ធនឹងការថ្លែងរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសចិន។ ក្រសួងការបរទេសបារាំងបាននិយាយកត់សម្គាល់ថាវាអាស្រ័យទៅលើប្រទេសចិនថាតើសម្តីរបស់ឯកអគ្គរដ្ឋទូតរបស់ខ្លួននេះ ឆ្លុះបញ្ចាំងនឹងគោលជំហររបស់ចិនដែរឬទេ ដែលបារាំងសង្ឃឹមថាវាមិនមានជារឿងនោះកើតឡើង សោះឡើយ»។

សម្តីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង លោក Lu Shaye តាមរយៈកិច្ចសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានក្នុងក្រុងប៉ារីស បានធ្វើឡើងបន្ទាប់ពីមាន ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក្នុងខែមេសា ទៅកាន់ប្រទេសចិន ដែលក្នុងដំណើរទស្សនកិច្ចកន្លងមកនោះ ក៏មានការរិះគន់ដល់ប្រធានាធិបតីបារាំង នោះយ៉ាងខ្លាំងក្លា ផងដែរពាក់ព័ន្ធនឹងសម្តីដែលលោកបានលើកឡើងមិនឱ្យមានការគិតថា សហគមន៍អឺរ៉ុបមិន ត្រូវដើរតាម សហរដ្ឋអាមេរិកឬចិនលើបញ្ហាតៃវ៉ាន់នោះឡើយ។

ការអត្ថាធិប្បាយរបស់លោកឯកអគ្គរដ្ឋទូត Lu Shaye ត្រូវគេនិយាយថា វាហាក់ដូចជាមិនគ្រាន់តែសំដៅទៅលើទឹកដីអ៊ុយក្រែនដែលរុស្ស៊ីបានចូលឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏សំដៅថែមទៀត ចំពោះប្រទេសមួយចំនួនដែលធ្លាប់ជាទឹកដីនៃអតីតសហភាពសូវៀតពីអតីតកាល ពីព្រោះបច្ចុប្បន្នអតីតប្រទេសដែល បានប្រកាសខ្លួនជារដ្ឋឯករាជ្យ ក្រោយការដួលរំលំអតីតសហភាពសូវៀតឆ្នាំ១៩៩១នោះ ខ្លះបានក្លាយជាប្រទេសនៃសមាជិកសហភាពអឺរ៉ុបផងដែរ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានចាត់ទុកសម្តីរបស់មន្ត្រីទូតចិនប្រចាំប្រទេសបារាំងថាជាពាក្យសម្តីដែល «មិនអាចទទួលយកបាន» ឡើយ។ លោកបានសរសេរបន្ថែមនៅក្នុងប្រព័ន្ធបណ្តាញសង្គម tweet របស់លោកថា សហភាពអឺរ៉ុប «គ្រាន់តែអាចសន្មត់ថាការប្រកាសទាំងនេះ មិនតំណាងឱ្យគោលនយោបាយផ្លូវការរបស់ប្រទេសចិន»។ ស្ត្រីនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានបញ្ជាក់កាលពីថ្ងៃចន្ទដើម សប្តាហ៍នេះតបមកវិញ ថា «ប្រទេសចិនគោរពអធិបតេយ្យភាព, ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ ហើយចិនប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ»។ លោកស្រីបានថ្លែងថា «បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត, ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសដែលពាក់ព័ន្ធ» ទាំងនោះ។

ការប្រកាសរដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃចន្ទ តាមរយៈស្ត្រីនាំពាក្យក្រសួងការបរទេស ត្រូវគេឃើញថាបានបង្ហាញនូវការមិនជាប់ព័ន្ធគោលនយោបាយបរទេស របស់ខ្លួន ជុំវិញនឹងសម្តីរបស់លោកឯកអគ្គរដ្ឋទូត Lu Shaye ខណៈដែលចិនកំពុងការពារនូវជំហរអព្យាក្រឹតរបស់ខ្លួនលើសង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ស្ត្រីនាំពាក្យ ក្រសួងការបរទេសចិនដដែល បាននិយាយថា «ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក និងគោរព គោលការណ៍សមភាពដើម្បីអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី»។ លោកស្រីបានបន្ថែមថា «ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបកស្រាយខុសអំពីជំហរ របស់ចិនចំពោះបញ្ហាអ៊ុយក្រែន ហើយថាពួកគេកំពុងសាបព្រួសចង់បង្កនូវភាពមិនចុះសម្រុងក្នុងទំនាក់ទំនង រវាងប្រទេសចិននិងប្រទេសពាក់ព័ន្ធ»។ ស្ត្រីនាំពាក្យក្រសួងការបរទេសចិនដដែល បាននិយាយបន្ថែមថាចិន «នឹងមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះ»។

សម្តីធ្វើអត្ថាធិប្បាយរបស់លោកឯកអគ្គរដ្ឋទូត Lu Shaye កាលពីសប្តាហ៍មុនបានបង្កឱ្យមាន រលកនៃការខឹងសម្បារនៅទូទាំងទ្វីបអឺរ៉ុប ដែលនាំឱ្យប្រទេសទាំងបី ក្នុងតំបន់ បាល់ទិក កាលពីថ្ងៃចន្ទ បានកោះហៅបេសកជនរបស់ប្រទេសចិនដើម្បីឱ្យគេពន្យល់ជុំវិញសម្តីដែលមន្ត្រីទូតចិននោះបានលើកឡើង។

រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក ហ្គាប្រ៊ីលៀស លែនស្បឺជីស (Gabrielius Landsbergis) បានសរសេរនៅលើប្រព័ន្ធបណ្តាញសង្គម Twitter ថា «ប្រសិនបើនរណា ម្នាក់នៅតែឆ្ងល់ថា ហេតុអ្វីបានជារដ្ឋបាល់ទិកមិនទុកចិត្តប្រទេសចិនឱ្យអន្តរការីសន្តិភាពនៅអ៊ុយក្រែន» នោះគឺដោយសារតែ«សម្តីតវ៉ារបស់ឯកអគ្គរដ្ឋទូតចិនដែលនិយាយថា តំបន់ Crimea គឺជារបស់រុស្ស៊ី ហើយថាព្រំដែនរបស់ប្រទេសយើងមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ។

មន្ត្រីជំនិតប្រធានាធិបតីអ៊ុយក្រែន គឺលោក ប៉ូដូលីយ៉ាក បានសរសេរក្នុងប្រព័ន្ធសង្គមបោះសម្តីគំរោះគំរើយឆ្លើយតបនឹងសម្តីរបស់មន្ត្រីការទូតរបស់ចិនប្រចាំក្រុងប៉ារីស។ លោក ប៉ូដូលីយ៉ាក បានសរសេរថា «ប្រទេសដែលបានកើតឡើងនៅក្រោយសហភាពសូវៀតទាំងអស់ គឺជាប្រទេសដែលមានលក្ខន្តិកៈអធិបតេយ្យភាពច្បាស់លាស់ របស់ ពួកគេ ដែលមានចែងក្នុងច្បាប់អន្តរជាតិ»។ លោកបានសរសេរបន្តថាវា «លើកលែងតែរុស្ស៊ីដែលក្លែងបន្លំយកកៅអីក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។ លោកបានបន្ថែមថា «វាជាការចម្លែកក្នុងការស្តាប់រឿងមិនសមហេតុផលនៃប្រវត្តិសាស្រ្តតំបន់គ្រីមៀ ពីអ្នកតំណាងនៃប្រទេសមួយដែលមានការប្រុងប្រយ័ត្នអំពីប្រវត្តិសាស្រ្ត រាប់ពាន់ឆ្នាំរបស់ខ្លួន»។ លោក ប៉ូដូលីយ៉ាក បានសរសេរបញ្ជាក់ចុងក្រោយថា «បើអ្នកចង់ធ្វើជាអ្នកនយោបាយសំខាន់ ចូរកុំនិយាយឃោសនាត្រាប់ដូចសត្វសេកពីខាងក្រៅ ជួយដល់រុស្ស៊ី»

ឯកអគ្គរដ្ឋទូតចិន លោក Lu Shaye ធ្លាប់បានគេស្គាល់ថាលោកគឺជាផ្នែកមួយនៃក្រុមអ្នកការទូតចិនដែលគេហៅថា «Wolf Warrior» អ្នកចម្បាំងចចក ដែលជាឈ្មោះ ហៅក្រៅផ្តល់ ដល់ចំពោះអ្នកទាំងឡាយណាដែលគេបានយល់ថាជាក្រុមដែលចង់ធ្វើសត្រូវជាមួយនឹងប្រទេសចិន។ កាលពីខែមករា ឆ្នាំ២០១៩ ក្នុងនាមជាឯកអគ្គរដ្ឋទូត ប្រចាំប្រទេសកាណាដា លោកបានចោទប្រកាន់ប្រទេសកាណាដានោះថាជាប្រទេសរើសអើងនៃជាតិសាសន៍ស្បែកស ដែលអំពាវនាវឱ្យមានការដោះលែងជនជាតិ កាណាដាពីរនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិន ដែលរឿងនោះបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Huawei Meng Wanzhou ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដា តាមសំណើរបស់សហរដ្ឋអាមេរិក។

ដោយឡែកកាលពីខែសីហា ឆ្នាំ២០២២ លោក Lu Shaye ធ្លាប់បានបង្កការខឹងសម្បារ ដោយសារការណែនាំថា ប្រជាជនតៃវ៉ាន់ត្រូវ «ទទួលបានការអប់រំឡើងវិញ»បន្ទាប់ពីការគ្រប់គ្រងរបស់ចិនលើកោះតៃវ៉ាន់នោះ៕