(សេអ៊ូល)៖ អតីតទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក ចន បូលតុន (John Boton) នៅថ្ងៃអង្គារនេះ បាននិយាយថា សហរដ្ឋអាមេរិកគួរតែដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចឡើងវិញ នៅប្រទេសកូរ៉េខាងត្បូង ដើម្បីផ្ញើសារឱ្យច្បាស់មួយទៅកាន់កូរ៉េខាងជើង និងដើម្បីបន្ធូរបន្ថយការកើនឡើងនៃក្តីបារម្ភរបស់ប្រជាជន ក៏ដូចជាអ្នកនយោបាយកូរ៉េខាងត្បូង ដែលចង់ឱ្យប្រទេសរបស់ពួកគេ អភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។

លោក បូលតុន បានធ្វើការអត្ថាធិប្បាយដូចខាងលើ ស្របពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល កំពុងតែស្ថិតនៅ​រដ្ឋធានីវ៉ាស៉ីនតោន ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយត្រូវគេរំពឹងថា នឹងមានការពិភាក្សាអំពី​​មធ្យោបាយដើម្បីបង្កើនទំនុកចិត្ត ក្នុងឆត្រនុយក្លេអ៊ែររបស់អាមេរិក ដែលការពារសម្ព័ន្ធមិត្តរបស់ខ្លួន។ ស្របពេលដែលកូរ៉េខាងជើង កំពុងបន្ត​ប្រឹងប្រែងអភិវឌ្ឍអាវុធនុយក្លេអ៊ែរនិងមីស៉ីលបាលិស្ទីគរបស់ខ្លួន ឱ្យកាន់តែមានអានុភាពខ្លាំងឡើងៗ រដ្ឋាភិបាលលោក យូន ត្រូវប្រឈម​នឹងសំណួរពាក់ព័ន្ធនឹង ​ការពឹងផ្អែកផ្នែកសន្តិសុខរបស់ទីក្រុងសេអ៊ូល ទៅលើសហរដ្ឋអាមេរិក ដោយសមាជិកជាន់ខ្ពស់មួយចំនួននៅក្នុង​បក្សរបស់លោកផ្ទាល់ បាននាំគ្នាអំពាវនាវឱ្យកូរ៉េខាងត្បូងពិចារណាបង្កើតកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។

លោក បូលតុន បានអះអាងថា ការយកអាវុធនុយក្លេអ៊ែរតាក់ទិចអាមេរិកមកសាជាថ្មី នឹងជួយធានាទំនុកចិត្តរបស់កូរ៉េខាងត្បូងឡើងវិញ ហើយទន្ទឹមគ្នាវានឹងបង្ហាញជា សារព្រមានច្បាស់មួយចំពោះទីក្រុងព្យុងយ៉ាង។ នៅក្រៅវេទិកាមួយ​ ដែលរៀបចំដោយវិទ្យាស្ថានសិក្សា​គោលនយោបាយអាសាន ក្នុងរដ្ឋធានីសេអ៊ូល លោក បូលតុន បាននិយាយយ៉ាងដូច្នេះថា «វត្តមានសាជាថ្មីនៃអាវុធនុយក្លេអ៊ែរតាក់ទិច​នៅឧបទ្វីបកូរ៉េ នឹងជាភស្តុតាងយ៉ាងជាក់ច្បាស់ នៃការប្តេជ្ញារបស់យើង ក្នុងការទប់ស្កាត់មិនឱ្យ អាចមានការវាយប្រហារពីកូរ៉េខាងជើង។ វានឹងមិនរារាំងកូរ៉េខាងត្បូងមិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនតែម្តងទេ ប៉ុន្តែវាអាចផ្តល់ពេលឱ្យពួកយើងពិចារណាបានល្អិតល្អន់ថា តើពួកយើងពិតជាចង់ធ្វើបែបនោះមែនឬយ៉ាងណា»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ធ្លាប់បានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិច នៅកូរ៉េខាងត្បូង កាលពីឆ្នាំ១៩៥៨ ហើយបានដកពួកវា​ត្រឡប់ចេញទៅវិញ នៅក្នុងឆ្នាំ១៩៩១។ ចាប់តាំងពីពេលនោះមក ទីក្រុងវ៉ាស៉ីនតោនបានប្តេជ្ញាថា នឹងប្រើប្រាស់គ្រប់សមត្ថភាពទាំងអស់​របស់អាមេរិក ដើម្បីការពារសម្ព័ន្ធមិត្តអាស៉ីរបស់ខ្លួនដ៏សំខាន់មួយនេះ៕