(តូក្យូ)៖ ក្នុងថ្ងៃអង្គារនេះ ក្រុមហ៊ុនជប៉ុនមួយនឹងព្យាយាមសម្រេចឱ្យបាន នូវគោលដៅនៃការក្លាយខ្លួនជាក្រុមហ៊ុនឯកជនដំបូងគេបង្អស់ ដែលចុះចតយានរ៉ូបូត ដោយជោគជ័យទៅលើផ្ទៃព្រះចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។
ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក យានចុះចត Hakuto-R Mission 1 របស់ក្រុមហ៊ុន ispace នឹងចាប់ផ្តើមការបន្ទាបខ្លួនរបស់វា ចុះទៅរកផ្ទៃព្រះចន្ទ នៅខ្ទង់ម៉ោងជិត១១-១២យប់ថ្ងៃអង្គារនេះ (ម៉ោងនៅភ្នំពេញ) ដែលត្រូវនឹងវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ នៅទីក្រុងតូក្យូ។ យ៉ាងណាក្តី ជោគជ័យនៃការចុះចត គឺមិនអាចធានាបានឡើយ ដ្បិតកាលពីខែមេសា ឆ្នាំ២០១៩ អង្គការ SpaceIL របស់អ៉ីស្រាអែល បានមើលឃើញយានរ៉ូបូតរបស់ខ្លួន ធ្លាក់ទៅបុកលើផ្ទៃព្រះចន្ទ កំលុងការព្យាយាមចុះចតនាពេលនោះ។
ក្រុមហ៊ុន ispace ក៏បានប្រកាសពីជម្រើសបម្រុងចំនួន៣ផ្សេងទៀត នៃទីតាំងសម្រាប់ចុះចត ហើយកាលបរិច្ឆេទអាចនឹងត្រូវផ្លាស់ប្តូរទៅថ្ងៃទី២៦ ខែមេសា, ថ្ងៃទី១ ខែឧសភា ឬក៏ ថ្ងៃទី៣ ខែឧសភា ដោយអាស្រ័យលើលក្ខខណ្ឌជាក់ស្តែង។ យានរ៉ូបូតរបស់ក្រុមហ៊ុន ispace ដែលមានកម្ពស់ជាង២ម៉ែត្រនិងទម្ងន់៣៤០គីឡូក្រាម បាននិងកំពុងគោចរនៅជុំវិញព្រះចន្ទ ចាប់តាំងពីខែមីនាមក។ វាត្រូវបានបញ្ជូនចេញពីផែនដី កាលពីខែធ្នូ ឆ្នាំ២០២២ តាមរយៈរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX។
គួរបញ្ជាក់ថា មកទល់សព្វថ្ងៃនេះ មានតែប្រទេសចំនួន៣ប៉ុណ្ណោះ គឺសហរដ្ឋអាមេរិក រុស្ស៉ី និងចិន ដែលបាននាំយកយានរ៉ូបូតទៅដល់ផ្ទៃព្រះចន្ទ ដោយជោគជ័យ ប៉ុន្តែសុទ្ធតែតាមរយៈកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលទាំងអស់៕