(វ៉ាស៉ីនតោន)៖ ទីបំផុតនៅថ្ងៃអង្គារនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសជាផ្លូវការហើយ នូវការបន្តឈ្មោះជាប្រធានាធិបតីសម្រាប់អាណត្តិទី២ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។
លោក បៃដិន បានធ្វើការប្រកាសជាផ្លូវការខាងលើ តាមរយៈការបង្ហោះវីដេអូមួយ នៅលើគណនី Twitter របស់លោក ហើយវាត្រូវចំរយៈពេល៤ឆ្នាំគត់តែម្តង បន្ទាប់ពីលោកបានប្រកាសឈរឈ្មោះ ប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិក ជាលើកដំបូងកាលពីឆ្នាំ២០១៩។ ដោយស្ថិតក្នុងអាយុ៨០ឆ្នាំ លោក ចូ បៃដិន គឺជាប្រធានាធិបតីអាមេរិក ដែលមានវ័យចំណាស់បំផុត ហើយនឹងមានអាយុ ៨៦ឆ្នាំ នៅចុងបញ្ចប់នៃអាណត្តិទី២របស់លោក។
គួរបញ្ជាក់ថា ស្របពេលដែលលោកប្រឈមនឹងការប្រកួតប្រជែងតិចតួច ក្នុងការក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យប្រជាធិបតេយ្យក៏ដោយ ៤៥ភាគរយនៃអ្នកគាំទ្ររបស់គណបក្សនេះ បានបង្ហាញការយល់ឃើញរបស់ពួកគេ ក្នុងការស្ទង់មតិមួយកាលពីខែមីនាថា លោក បៃដិន មិនគួរឈរឈ្មោះជាថ្មីទេនៅឆ្នាំ២០២៤ ខណៈសំឡេង៤៨ភាគរយ គាំទ្រឱ្យលោកបន្តឈរឈ្មោះ។
ចំណែកខាងគណបក្សសាធារណរដ្ឋវិញ គឺអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចាញ់ក្រោមស្នាដៃលោក បៃដិន កាលពីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ កំពុងតែនាំមុខ ក្នុងចំណោមបេក្ខជនប្រធានាធិបតី ដែលមានប្រជាប្រិយភាពខ្ពស់ជាងគេ របស់គណបក្សនេះ បើយោងតាមការស្ទង់មតិ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក អាណត្តិថ្មី នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕