(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កងកម្លាំងរុស្ស៉ីបានវាយប្រហារលើសារមន្ទីរមួយកន្លែងកណ្តាលទីក្រុងគូផែនស្ក៍ (Kupiansk) ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន នៅថ្ងៃអង្គារនេះ ដោយសម្លាប់មនុស្សម្នាក់ និងបង្កឱ្យរបួស១០នាក់ ខណៈអ្នកផ្សេងទៀតជាប់ក្រោមគំនរបាក់បែក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។

តាមរយៈបណ្តាញតេឡេក្រាម លោក ហ្សេលេនស្គី បានចែករំលែកវីដេអូនៃអគារដែលរងការបំផ្លិចបំផ្លាញ ព្រមជាមួយសារយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ យើងដឹងពីការស្លាប់បុគ្គលិកសារមន្ទីរម្នាក់ និង ១០នាក់ទៀតរងរបួស ហើយមានមនុស្សជាច្រើនទៀត នៅជាប់ក្រោមគំនរបាក់បែក។ ការសង្គ្រោះពីការបាញ់ផ្លោងនៅតែបន្ត ហើយភ្នាក់ងារចាំបាច់ទាំងអស់កំពុងចូលរួមក្នុងដំណើរការនេះ»

ក្រុមមន្រ្តីប៉ូលិស កំពុងជីករកមនុស្សតាមគំនរបាក់បែក ហើយបានទាញស្ត្រីម្នាក់ដែលជាប់ក្នុងនោះចេញមកក្រៅ។ ប្រធានការិយាល័យបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន និងអភិបាលតំបន់ ក៏បាននិយាយដែរថា ការខូចខាតនេះគឺបណ្តាលមកពីមីស៉ីល S-300 របស់រុស្ស៉ី។ បើទោះបីជាបែបនេះក្តី រស្ស៉ីនៅតែបដិសេធការកំណត់គោលដៅលើជនស៊ីវិល ក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួន។

គួរបញ្ជាក់ថា Kupiansk ជាទីក្រុងដែលមានប្រជាជនរស់នៅមុនសង្គ្រាមចំនួន ២៦,០០០នាក់ស្ថិតនៅក្នុងតំបន់ខាកៀវ (Kharkiv)។ វាជាមជ្ឈមណ្ឌលផ្លូវដែកដ៏សំខាន់មួយ ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីអស់រយៈពេលជាច្រើនខែ ក្រោយបញ្ជូនកងទ័ពចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២៕