(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍កាលពីថ្ងៃចន្ទសប្តាហ៍នេះថា រុស្ស៉ីត្រូវការថវិកាប្រមាណ ៥០០ពាន់លានរូប្លិ៍ ឬជាង ៦.១ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍គម្រោងយន្តហោះដ្រូន ដែលប្រកាសដោយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងខែកុម្ភៈ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។

ដោយដកស្រង់ប្រភពមិនបញ្ចេញអត្តសញ្ញាណ សារព័ត៌មានរុស្ស៉ី RBC បានឲ្យដឹងថា យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍយន្តហោះដ្រូន រយៈពេលរហូតដល់ឆ្នាំ២០៣០ ត្រូវតែត្រូវអនុម័តឲ្យបានត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ដោយរួមបញ្ចូលនូវព័ត៌មានលម្អិត ស្តីពីការផលិត និងការផ្តល់ហិរញ្ញប្បទាន។ ប្រភពដដែលបានគូសបញ្ជាក់ថា «បរិមាណនៃមូលនិធិ និងភាពសមាមាត្រគ្នា តម្រូវឲ្យមានការកំណត់មួយពីគ្រប់ភាគីពាក់ព័ន្ធ ប៉ុន្តែតួលេខឥឡូវនេះគឺគ្រាន់តែជាការប៉ាន់ស្មាន»។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ លោក ពូទីន និយាយថា រុស្ស៉ីត្រូវតែបង្កើនការផលិតយន្តហោះដ្រូនដោយខ្លួនឯង និងបង្កើតហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការប្រើប្រាស់យ៉ាងទូលំទូលាយ។ កន្លងមក រុស្ស៉ីផលិតយន្តហោះដ្រូនមួយចំនួនរួចមកហើយ ប៉ុន្តែមិនមានលក្ខណៈជឿនលឿនទេ ហើយទីក្រុងមូស្គូបាននិងកំពុងប្រើប្រាស់យន្តហោះដ្រូន ឈ្មោះ សាហ៉ីត (Shahed) ដែលផលិតដោយអ៉ីរ៉ង់ជាចម្បង សម្រាប់ការវាយប្រហារលើអ៊ុយក្រែន៕