(ណៃពិដោ)៖ អតីតប្រមុខអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន (Ban Ki Moon) នៅថ្ងៃអង្គារនេះ បានទទូចឱ្យរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា នៅក្នុងប្រទេសដែលញាំញីដោយជម្លោះមួយនេះ ហើយយល់ព្រមចាប់ផ្តើមកិច្ចចរចាជាមួយក្រុមប្រឆាំង ដើម្បីបិទបញ្ចប់វិបត្តិដ៏បង្ហូរឈាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។
មីយ៉ាន់ម៉ាបានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងតែពីយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលរបស់មេដឹកនាំស៉ីវិល លោកស្រី អោងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ ហើយបង្កឱ្យមានការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ផ្ទុះឡើងនៅពាសពេញទឹកដីមួយផ្នែកធំរបស់ប្រទេស និងធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ដុនដាបជាខ្លាំង។ កិច្ចប្រឹងប្រែងការទូតដើម្បីបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ាបានជាប់គាំង ដោយសាររបបសឹកពុំអើពើនឹងការរិះគន់របស់សហគមន៍អន្តរជាតិ ជុំវិញការបង្រ្កាបយ៉ាងឃោរឃៅរបស់ខ្លួន ហើយមិនព្រមទទួលយកជម្រើសបើកការចរចាជាមួយ ក្រុមប្រឆាំងដើម្បីស្វែងរកដំណោះស្រាយ។
លោក បាន គីមូន បានធ្វើដំណើរទៅដល់មីយ៉ាន់ម៉ា កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ក្នុងនាមជាសមាជិកនៃក្រុមមេដឹកនាំពិភពលោក ហៅថា The Elders ដែលបង្កើតឡើងដោយ អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ណែលសុន ម៉ាន់ដេឡា (Nelson Mandela) ដើម្បីធ្វើការងារលើកកម្ពស់សន្តិភាពនិងជួយដោះស្រាយជម្លោះ។ កំលុងទស្សនកិច្ចនេះ លោក បាន គីមូន បានជួបជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា គឺលោក មីន អោងឡាំង ព្រមទាំងមន្រ្តីយោធាជាន់ខ្ពស់ដទៃៗទៀត។
អតីតប្រមុខ UN រូបនេះ បាននិយាយថា ខាងយោធាចាំបាច់ត្រូវតែជា អ្នកឈានជើងបោះជំហានទៅមុខមុន ឆ្ពោះទៅរកការផ្សះផ្សាគ្នា ហើយរដ្ឋបាលស្រមោល NUG ដែលប្រមូលផ្តុំទៅដោយអតីតសមាជិកសភា នៃគណបក្សរបស់លោកស្រី ស៊ូជី ចាំបាច់ត្រូវតែជាផ្នែកនៃដំណោះស្រាយណាមួយ ដែលអាចមានប្រសិទ្ធភាពយូរអង្វែង។ មកទល់ពេលនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនបានបង្ហាញឆន្ទៈបន្តិចសោះឡើយ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ជាមួយក្រុមប្រឆាំងរដ្ឋប្រហារ រួមមានទាំងរដ្ឋបាល NUG ដែលខ្លួនបានប្រកាសចាត់ថ្នាក់ជា អង្គការភេរវកម្ម ប៉ុន្តែបានសន្យាថា នឹងរៀបចំការបោះឆ្នោតថ្មី។
លោក បាន គីមូន បានបន្ថែមទៀតថា ការរៀបចំបោះឆ្នោតនៅក្រោមស្ថានភាពបច្ចុប្បន្ន គឺប្រថុយបង្កឱ្យអំពើហិង្សានិងភាពប្រេះឆានៅក្នុងប្រទេសកាន់តែខ្លាំង ហើយលទ្ធផលច្បាស់ជានឹងមិនត្រូវបានទទួលស្គាល់ ដោយប្រជាជនមីយ៉ាន់ម៉ាឡើយ។ យ៉ាងណាមិញ មិនមានការបញ្ជាក់នោះទេ ថាតើលោក បាន គីមូន បានព្យាយាមស្នើសុំជួបលោកស្រី ស៊ូជី ដែរឬអត់ ខណៈលោកស្រី ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលសរុប ៣៣ឆ្នាំ។
គួរបញ្ជាក់ថា លោក បាន គីមូន បានកាន់តំណែងជាអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ ហើយអំលុងពេលនោះ រូបលោកក៏ធ្លាប់បានបំពេញទស្សនកិច្ចប៉ុន្មានលើក មកកាន់មីយ៉ាន់ម៉ាផងដែរ៕