(មូស្គូ)៖ សារព័ត៌មានរុស្ស៉ី RIA បានរាយការណ៍នៅថ្ងៃអង្គារនេះថា យោធារុស្ស៉ីបានចាប់ផ្តើមប្រើប្រាស់ រថក្រោះស៊េរីថ្មីបំផុតរបស់ខ្លួនគឺ T-14 Armata ហើយ ប៉ុន្តែពួកវាត្រូវបានប្រើដើម្បីបាញ់ប្រហារពីចម្ងាយ ទៅលើទីតាំងរបស់កងកម្លាំងអ៊ុយក្រែនប៉ុណ្ណោះ ដោយពុំទាន់​ចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធតទល់គ្នាផ្ទាល់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។

RIA បានបន្ថែមថា រថក្រោះទាំងនោះ ត្រូវបានបំពាក់ការការពារបន្ថែម នៅផ្នែកចំហៀងនិងផ្នែកខាងក្រោយ ហើយពួកវាមានល្បឿនអតិបរមា​នៅលើផ្លូវហាយវ៉េ គឺ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ កាលពីខែមករា ឆ្នាំនេះ ចារកម្មយោធារបស់ចក្រភពអង់គ្លេស បានរាយការណ៍ថា កងកម្លាំងរុស្ស៉ីនៅអ៊ុយក្រែន ហាក់មានការស្ទាក់ស្ទើរ ក្នុងការទទួលយករថក្រោះ T-14 ក្រុមដំបូង ដោយសារស្ថានភាពមិនសូវល្អរបស់​ពួកវា។ ខាងយោធាអង់គ្លេសបានបន្តទៀត ការប្រើប្រាស់រថក្រោះ T-14 ណាមួយនៅអ៊ុយក្រែន នឹងជាការសម្រេចចិត្តដែលប្រឈម​ហានិភ័យខ្ពស់សម្រាប់រុស្ស៉ី និងជាការសម្រេចចិត្តដែលធ្វើឡើង ដើម្បីតែគោលដៅឃោសនាប៉ុណ្ណោះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ីនាពេលកន្លងមក វិមានក្រឹមឡាំងបានបញ្ជាឱ្យផលិតរថក្រោះ T-14 Armata សរុបចំនួន ២,៣០០គ្រឿង នៅត្រឹមឆ្នាំ២០២០ ប៉ុន្តែក្រោយមកក៏ត្រូវបានបន្លាយទៅដល់ត្រឹមឆ្នាំ២០២៥។ ចំណែកឯកាលពីខែធ្នូ ឆ្នាំ២០២១ ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា ក្រុមហ៊ុនរដ្ឋរុស្ស៉ី Rostec បានចាប់ផ្តើមដំណើរការផលិត សម្រាប់រថក្រោះ T-14 ចំនួនប្រមាណជា៤០គ្រឿង ជាមួយគោលដៅប្រគល់ឱ្យយោធារុស្ស៉ី នៅក្រោយឆ្នាំ២០២៣។ រថក្រោះ T-14 បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូង កាលពីឆ្នាំ​២០១៥។

គួរបញ្ជាក់ថា ដំណឹងនៃការចាប់ផ្តើមប្រើប្រាស់ រថក្រោះស៊េរីថ្មីបំផុតរបស់រុស្ស៉ីនេះ នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន គឺកើតមានឡើងស្របពេលដែល ​ទីក្រុងកៀវចាប់ផ្តើមទទួលបាន រថក្រោះប្រយុទ្ធទំនើបៗរបស់លោកខាងលិច។ កាលពីខែមីនា រថក្រោះ Leopard 2 ១៨គ្រឿងពីអាល្លឺម៉ង់ និងរថក្រោះ Challenger 2 ១៨គ្រឿងទៀតពីចក្រភពអង់គ្លេស ត្រូវបានបញ្ជូនទៅដល់អ៊ុយក្រែន។ សហរដ្ឋអាមេរិកក៏បានសន្យាផ្តល់រថក្រោះ Abrams របស់ខ្លួន ចំនួន៣១គ្រឿងឱ្យអ៊ុយក្រែនផងដែរ។