(តៃប៉ិ)៖ ប្រធានាធិបតីក្វាតេម៉ា លោក អាឡេហាន់ដ្រូ ហែមម៉ាតេ (Alejandaro Giammattei) នៅថ្ងៃអង្គារនេះបានសន្យាផ្តល់​ការគាំទ្រយ៉ាងរឹងមាំរបស់លោក ដោយគ្មានលក្ខខណ្ឌសម្រាប់តៃវ៉ាន់ កំលុងដំណើរទស្សនកិច្ចមួយដែលកើតមានឡើង ស្របពេលចិន​កាន់តែបង្កើនការដាក់សម្ពាធ ទៅលើក្រុមប្រទេសមួយចំនួនតូច ដែលនៅរក្សាទំនាក់ទំនងផ្លូវការជាមួយដែនកោះនេះ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។

ក្វាតេម៉ាឡាស្ថិតក្នុងចំណោមក្រុមប្រទេសបច្ចុប្បន្ននៅសល់តែ១៣ប៉ុណ្ណោះ ដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ដែលជាដែនកោះ ត្រូវទីក្រុងប៉េកាំងចាត់ទុកជា ផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ កាលពីខែមីនា ហុងឌូរ៉ាសដែលជា​សម្ព័ន្ធមិត្តការទូតយូរអង្វែងមកហើយរបស់តៃវ៉ាន់ បានបោះបង់ចោលទីក្រុងតៃប៉ិ ដើម្បីងាកទៅចាប់ផ្តើមទំនាក់ទំនងផ្លូវការជាមួយចិនវិញ។

ថ្លែងកំលុងពិធីស្វាគមន៍មួយ​ នៅក្រៅការិយាល័យមេដឹកនាំតៃវ៉ាន់ លោកប្រធានាធិបតីក្វាតេម៉ាឡា បាននិយាយថា ក្វាតេម៉ាឡានិងតៃវ៉ាន់ មានទំនាក់ទំនងប្រៀបដូចជាបងប្អូន ហើយជាសម្ព័ន្ធមិត្តដ៏សំខាន់រវាងគ្នានិងគ្នា។ លោក ហែមម៉ាតេ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចង់​ឱ្យអ្នកទាំងអស់គ្នាមានជំនឿជឿជាក់ថា ក្វាតេម៉ាឡានឹងបន្តដើរតួជា សម្ព័ន្ធមិត្តការទូតដ៏រឹងមាំសម្រាប់តៃវ៉ាន់ ហើយនឹងបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការ​កាន់តែស៉ីជម្រៅថែមទៀត នៅគ្រប់វិស័យ» ពោលគឺរូបលោកប្តេជ្ញាផ្តល់ «ការគាំទ្រពេញទំហឹង»។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងក្វាតេម៉ាឡានិងតៃវ៉ាន់ គឺមានរយៈពេលប្រមាណ៩ទសវត្សរ៍មកហើយ។ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដី​របស់ខ្លួន ដែលពុំមានសិទ្ធិបង្កើតទំនាក់ទំនង រវាងរដ្ឋនិងរដ្ឋឡើយ ហើយក៏បានថ្កោលទោសការបំពេញទស្សនកិច្ចរបស់លោក ហែមម៉ាតេ ផងដែរ។ វត្តមានរបស់លោកនៅតៃវ៉ាន់នាពេលនេះ ជាដំណើរទស្សនកិច្ចតបស្នងមកវិញ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានទៅ​បំពេញទស្សនកិច្ចនៅក្វាតេម៉ាឡា កាលពីខែមុន៕