(ខាទុំ)៖ ក្រសួងការបរទេសអេហ្ស៊ីប នៅថ្ងៃចន្ទសប្តាហ៍នេះបានឲ្យដឹងថា ជំនួយការអនុព័ន្ធផ្នែករដ្ឋបាលនៃស្ថានទូតរបស់ខ្លួន ប្រចាំទីក្រុងខាទុំ (Khartoum) ប្រទេសស៊ូដង់ ត្រូវបានសម្លាប់ចំពេលមានការប្រយុទ្ធគ្នារវាងក្រុមកងទ័ពស៊ូដង់ និងកងងម្លាំងទាហានប៉ារ៉ា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។

ក្រសួងការបរទេសអេហ្ស៉ីប បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «លោក ម៊ូហាំម៉ាត់ អេល ហ្គារ៉ាវី (Muhammad El Gharrawi) ត្រូវបានសម្លាប់ ខណៈដែលកំពុងបើកបរទៅកាន់ស្ថានទូត ដើម្បីតាមដាននីតិវិធីនៃការជម្លៀសប្រជាជនអេហ្ស៉ីប ដែលកំពុងជាប់គាំងនៅក្នុងប្រទេសស៊ូដង់»

គួរបញ្ជាក់ថា កងទ័ពស៊ូដង់ ដែលមុនដំបូងបានរាយការណ៍ថា ជំនួយការអនុព័ន្ធយោធាអេហ្ស៉ីបត្រូវបានសម្លាប់នោះ បានកែតម្រូវសេចក្តីថ្លែងការណ៍របស់ខ្លួនវិញ ដោយនិយាយថាជំនួយការអនុព័ន្ធផ្នែករដ្ឋបាល ត្រូវបានសម្លាប់ដោយកងកម្លាំងទាហានប៉ារ៉ា RSF៕