(អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងថា កាលពីថ្ងៃចន្ទ បន្ទុះចំនួនពីរបានកើនឡើងនៅអគារនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) ដែលស្ថិតនៅភាគពាយព្យប្រទេស ហើយបានផ្តាច់ជីវិតមនុស្សយ៉ាងហោច១២នាក់ និងបង្កឱ្យរបួសជាង៥០នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។
ហេតុការណ៍ខាងលើបានកើតឡើង នៅក្រុងកាបាល (Kabal) នៃស្រុកស្វាត (Swat) ក្នុងខេត្តហៃបើ ប៉ាកទុងក្វា (Khyber Pakhtunkhwa)។ មន្រ្តីប៉ូលិសម្នាក់នៅក្រុងកាបាល បាននិយាយថា ហេតុការណ៍ផ្ទុះនោះ ហាក់មិនមែនជាអំពើភេរវកម្មឡើយ ដោយពួកវាទំនងជាត្រូវបានបង្កឡើងសារធាតុផ្ទុះ ដែលស្តុកទុកក្នុងឃ្លាំងនៅអគារ CTD ផ្ទាល់។ បើតាមមេប៉ូលិសខេត្ត ហៃបើ ប៉ាកទុងក្វា វិញ គឺពិតជាមានកន្លែងរក្សាទុកគ្រាប់រំសេវក្នុងអគារកើតហេតុមែន ប៉ុន្តែប៉ូលិសកំពុងធ្វើការស៉ើបអង្កេត ដើម្បីកំណត់ឱ្យជាក់ច្បាស់ថា តើអ្វីពិតប្រាកដ ដែលបានបង្កជាការផ្ទុះនោះ ឬក៏ថាតើវាជាការវាយប្រហារឬយ៉ាងណា។
គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះ ការវាយប្រហារភេរវកម្មចំនួន២ ទៅលើមូលដ្ឋានប៉ូលិសធំៗពីរកន្លែង នៅក្នុងប្រទេសប៉ាគីស្ថាន គឺមានជាប់ពាក់ព័ន្ធទៅនឹង ក្រុមតាលីបង់ប៉ាគីស្ថាន ដែលហៅកាត់ថា TTP។ ដោយឡែក ភាគច្រើននៃអ្នកដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍កាលពីថ្ងៃចន្ទ គឺជាមន្រ្តីប៉ូលិសប្រឆាំងភេរវកម្ម ខណៈស្រ្តីម្នាក់និងកូន ដែលធ្វើដំណើរកាត់អគារនោះ ក៏បានស្លាប់ផងដែរ៕